មិន​ទាន់​មាន​ការ​កំណត់​ពេល​វេលា​ពិត​ប្រាកដ​ក្នុងការ​វិល​ត្រឡប់​របស់​លោក​ សម​ រង្ស៊ី​

Cambodia News/

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃពុធ​នេះ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ដោយ​ដក​ ស្រង់​ប្រភព​ពី​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ នឹង​វិល​ត្រឡប់​ចូល​មក​ប្រទេស​វិញ​នៅ​ថ្ងៃទី១៩ ឬ​ថ្ងៃទី២០ ខែកក្កដា ខាង​មុខ​ ដោយ​មាន​ក្រុមអ្នក​គាំទ្រ​លោក​រង់ចាំ​ទទួល​លោក​នៅ​ព្រលាន​យន្ត​ហោះផង។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ

បន្ទាប់ពី​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មាន​​ក្នុង​ស្រុកមួយ​ចំនួន​ ​​បាន​​ផ្សព្វផ្សាយ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ នឹង​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​​ថ្ងៃទី២០ ខែកក្កដា នោះ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​មក​ធ្វើ​ការ​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ។

បើ​តាម​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ឲ្យ​ប្រាកដ​ចំពោះ​​ការ​វិល​ត្រឡប់​របស់​ លោក សម រង្ស៊ី នោះ​ទេ។ ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​អះអាង​ថា ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅ​មុន​ថ្ងៃ​បោះឆ្នោត​ខាង​មុខ គឺ​មិន​ប្រែ​ប្រួល​ឡើយ។

ជាមួយ​គ្នា​នេះ​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា រាល់​ព័ត៌មាន​​ទាក់ទង​នឹង​គណបក្ស​សង្រ្គោះជាតិ ដែល​មិន​បាន​ចេញ​ពី​មាត់​របស់​លោក និង​ប្រធាន​ទាំង​ពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺ​ជា​ព័ត៌មាន​ដែល​មិ​ន​អាច​​យក​ជា​ផ្លូវ​ការ​ទេ៕

Related Articles

Back to top button
Close
Close