ចោទប្រកាន់ជនសង្ស័យ​បាញ់សម្លាប់លោក​ ឈុត វុទ្ធី ពីបទ​មនុស្សឃាត​ដោយអចេតនា

​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត បានឲ្យ​ដឹងថា ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ​ម្នាក់ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន សន្តិសុខ​របស់​ក្រុមហ៊ុន Timber Green ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៣​ឧសភា និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ​ឧសភា ​​២០១២ ​តំណាង​អយ្យការ​តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ចោទ​ប្រកាន់​​បុរស​នោះ ពី​បទ​មនុស្សឃាត ដោយ​អ​ចេតនា​។

ក្រោយ​ការចោទប្រកាន់ ព្រះរាជអាជ្ញា​បាន​បញ្ជូន​សំណុំរឿង​បន្ត ទៅកាន់​ចៅក្រម​ស៊ើបអង្កេត មុន​នឹង​សម្រេច​ថា ត្រូវ​ឃុំខ្លួន ឬ​យ៉ាងណា​នោះ​។​

ការចោទប្រកាន់​លើ​បុរស​ជាប់​សង្ស័យ​ធ្វើ​ឡើង​ក្រោយ​ពី​គណៈកម្មការ​ចម្រុះ​មួយ​ក្រុម ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​បើក​ការស៊ើបអង្កេត និង​ចុះ​ដល់​កន្លែងកើតហេតុ នៅតាម​ផ្លូវ​ក្រួស​ក្រហម ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​៣​ឧសភា ឆ្នាំ​២០១២​។​

លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នោះ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ឧសភា ឆ្នាំ​២០១២​ថា ក្រោយពី​សាកសួរ​សាក្សី​មួយចំនួន បង្ហាញថា ប៉េអឹមដែល​ស្លាប់​ឈ្មោះ អ៊ិន រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ក្រោយ​ពី​ប៉ះទង្គិច​ពាក្យសម្តី​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១២​។ ប៉ុន្តែ​លទ្ធផល​លម្អិត​នៃ​ការស៊ើបអង្កេត​របស់​គណៈកម្មការ មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យដឹង​ទេ​។​

យ៉ាងណាក៏ដោយ នៅ​ឯ​តុលាការ ក៏​មាន​ការលើកឡើង​ថា ក្រោយ​ពី​ប៉េអឹម អ៊ិន រតនា បាន​បាញ់​សម្លាប់​​លោក ឈុត វុទ្ធី ហើយ​នោះ ជនសង្ស័យ រ៉ា​ន់ បូ​រ័ត្ន បាន​ទៅ​ដណ្តើម​កាំភ្លើង​ពី​ឈ្មោះ អ៊ិន រតនា ហើយ​ក៏​បណ្តាល​ឲ្យ​ប៉េអឹម អ៊ិន រតនា ត្រូវ ២គ្រាប់ ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។

សូម​រម្លឹកថា ជនសង្ស័យ រ៉ា​ន់ បូ​រ័ត្ន ស្ថិតក្នុង​ចំណោម​ជនសង្ស័យ ២​នាក់ ដែល​ប៉េអឹម​ខេត្ត​កោះ​កុង​បាន​​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា មន្ត្រី​កងរាជអាវុធហត្ថ ឬ​ប៉េអឹម ខេត្ត​កោះកុង កាល​ពី​ថ្ង​ទី​២៦ ​​មេសា ​​២០១២៕ ​

Related Articles

Back to top button
Close
Close