ស្ថាប័នធំ ចំនួន ៤ពាក់ព័ន្ធ នឹងអំពើពុករលួយខ្លាំងនៅកម្ពុជា
Cambodia News
ភ្នំពេញ៖ ស្ថាប័នតុលាការ ប៉ូលីស មន្ត្រីសាធារណៈ និងគណបក្សនយោបាយ គឺជាស្ថាប័នចំបងចំនួន ៤ នៅក្នុងប្រទេសកម្ពុជាដែលមានការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ពុករលួយខ្លាំងជាងគេ។ នេះបើយោងតាមលទ្ធផលនៃរបាយការណ៍សម្រាប់វាស់វែងអំពីអំពើពុករលួយ ជាសកល របស់អង្គការតម្លាភាពអន្តរជាតិប្រចាំឆ្នាំ ២០១៣ ចេញផ្សាយនៅថ្ងៃអង្គារនេះ។
លទ្ធផលនេះ គឺផ្អែកលើការស្ទាបស្ទង់មតិប្រជាពលរដ្ឋកម្ពុជាអំពីបញ្ហាអំពើពុក រលួយដែលបានបង្ហាញថា ស្ថាប័នដែលបានបង្កើតឡើងដើម្បីការពារពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌ និងដើម្បីលើកកម្ពស់សិទ្ធិមនុស្សត្រូវបានមើលឃើញជាសាធារណៈថា កំពុងតែរំលោភបំពានសិទ្ធិអំណាចរបស់ខ្លួន។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា «ផ្សារភ្ជាប់ទៅនឹងការបោះឆ្នោតសាកល នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ យើងសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតយកចិត្តទុក ដាក់ ទៅលើគោលនយោបាយព្រមទាំងការប្តេជ្ញាចិត្តរបស់បេក្ខជន និងគណបក្សនយោបាយនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»។
យោងតាមរបាយការណ៍ខាងបានឲ្យដឹងថា ៦៥% នៃអ្នកផ្តល់បទសម្ភាសន៍ទាំងអស់បានសូកប៉ាន់មន្ត្រីតុលាការ និងប៉ូលីស ៦២% ដល់មន្ត្រីចុះបញ្ជីអត្រានុគោលដ្ឋាន និង ៥៧% ដល់មន្ត្រីពាក់ព័ន្ធនឹងសេវាកម្មដីធ្លី។ លើសពីនេះ អ្នកផ្តល់សម្ភាសន៍ចំនួន ៣៨% បានសូកប៉ាន់ដល់មន្ត្រីសុខាភិបាល និង ៣០% ដល់មន្ត្រីអប់រំ៕