ផ្ទុះ​គ្រាប់បែក​នៅ​វត្ត​ឥណ្ឌា​ Bodh​ Gaya​ របួស​ព្រះសង្ឃ​ពីរ​អង្គ​

នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ប្រទេស​ឥណ្ឌា ​វត្ត​ព្រះពុទ្ធ​សាសនា​Bodh Gaya​ ដែលជា​បិតិកភណ្ឌ​​ពិភពលោក ​បាន​​រង​នូវ​ការ​វាយប្រហារ​​ដោយ​កា​រផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​​​គ្រាប់ បណ្តាលអោយ​ព្រះសង្ឈ​ពីរ​​អង្គ​​រង​របួស។ ការ​ផ្ទុះ​ទាំងនេះ​មាន​កម្រិត​ ខ្សោយ មិន​បាន​ប៉ះពាល់​ដល់​ដល់​ដើម​ពោធិព្រឹក្ស​ដែល​ព្រះពុទ្ធ​ទ្រង់​ធ្លាប់​គង់​ នៅក្រោម​ កាល​ពី​៥៣១​ឆ្នាំ​​មុន​គ្រឹស្តសករាជ​នោះឡើយ។ ​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Manmohan Singh បាន​​ប្រកាស​មិន​អត់ឧន​ដល់​​ជនដៃដល់​ដែល​វាយប្រហារ​ទីកន្លែង​សាសនា​ឡើយ។

យោងតាម ​ប៉ូលិស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​កម្រិត​ខ្សោយ​​ដល់​ទៅ​​៨ បាន​វាយ​​ប្រហារ​មក​លើ​វត្ត​​ព្រះពុទ្ធ​សាសនា​ ​Bodh Gaya ​​បណ្តាល​​អោយ​ព្រះសង្ឃ​ទីបេ​មួយ​អង្គ និង​ព្រះសង្ឈ​ភូមា​មួយអង្គ​​​រង​របួស។ ប៉ូលិស​បាន​​​​​ធ្វើការ​ទប់​ស្កាត់​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​ទៀត​មិន​អោយ ​ផ្ទុះ។ ក្នុង​នោះ គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​បាន​គេ​ដាក់​នៅ​ក្រោម​រូប​​សំណាក​​ព្រះពុទ្ធរូប ​​មួយអង្គ​​ដែល​មាន​កំពស់​២៤​ម៉ែត្រ។ ​

ការផ្ទុះ ​នៅ​ថ្ងៃ​អាទិត្យ​នេះ មិន​បាន​ប៉ះពាល់​ដើមពោធិព្រឹក្ស​ដែល​ព្រះសម្មាសម្ពុទ្ធ​ធ្លាប់​គង់​​​នៅ​ ក្រោម​ កាល​ពី​៥៣១​ឆ្នាំ​មុន​គ.ស ​​ទេ។ គួរបញ្ជាក់​ថា ​​វត្ត ​Bodh Gaya ​ ស្ថិត​នៅ​ចំងាយ​១១០ គម​ ខាងត្បូង​រដ្ឋធានី​Patna ក្នុង​រដ្ឋ ​Bihar ​​ភាគ​ឥសាន​ឥណ្ឌា។ ​​វត្តនេះ​ជា​វត្ត​​ព្រះពុទ្ធ​សាសនា​យ៉ាង​ល្បីល្បាញមួយ​កន្លែង​ក្នុង​​លោក​ មាន​​រក្សា​ទុក​នូវ​ដើមពោធិព្រឹក្ស​ដែល​មាន​វ័យ​ចំណាស់​​​យូរលង់​ ទាក់ទាញ​ពុទ្ធសាសនិក​គ្រប់​ទិសទី​អោយ​ចូល​មក​គោរព​បូជា។

ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​រិះ​គន់​បរិហារ​​​ការ​ផ្ទុះ​នេះ​ថា​ជា​​ អំពើភេរវកម្ម​។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​ នៅ​មិនទាន់​មាន​ក្រុម​ភេរវជន​ណាមួយ​ប្រកាស​ថា​ខ្លួន​បង្ក​ការ​ផ្ទុះ​អស់​នេះ ​នៅ​ឡើយ​ទេ។ ការ​វាយប្រហារ​​​ផ្នែក​ពុទ្ធសាសនា​នៅ​ឥណ្ឌា​កម្រ​​​កើត​មាន​ណាស់​។​ ដោយឡែក​ ថ្មីៗ​នេះ នៅ​ប្រទេសភូមា​ បង់ក្លាដែស​និង​ស្រីលង្កា​ដែល​​នៅ​ជិតខាង​ក្បែរ​នោះ​ គេ​ឃើញ​មាន​នូវ​អំពើហិង្សា​ជាច្រើន​ រវាង​អ្នកកាន់​សាសនា​ព្រះពុទ្ធ​និង​អ្នកកាន់​សាសនា​អ៊ីស្លាម៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close