ផ្ទុះរថភ្លើងដឹកប្រេងឆៅគ្មានមនុស្សបើកនៅQuébec ស្លាប់យ៉ាងហោច៥នាក់ បាត់ខ្លួន ៤០នាក់
កាលពីយប់ថ្ងៃសៅរ៍ចូលព្រឹកថ្ងៃ អាទិត្យម្សិលមិញ នៅក្រុង Lac-Mégantic នៅ Québec ប្រទេសកាណាដា រថភ្លើងដឹកប្រេងឆៅមួយគ្រឿងដែលគ្មានមនុស្សបើកបរ បានរេចេញពីផ្លូវ ហើយបានផ្ទុះឡើង កំទេចទីប្រជុំជនមួយផ្នែកនៃក្រុង។ រហូតមកដល់ល្ងាចថ្ងៃអាទិត្យនេះ មានមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង ៤០នាក់ផ្សេងទៀត បាត់ខ្លួន ក្នុងហេតុការនេះ។ គ្រោះថ្នាក់នេះអាចបណ្តាលមកពីបញ្ហាបច្ចេកទេស។ ការិយាល័យសន្តិសុខផ្នែកដឹកជញ្ជូនកាណាដាកំពុងតែធ្វើការស៊ើបអង្កតនៅ ទីកន្លែងផ្ទាល់។ នេះជាគ្រោះថ្នាក់ផ្នែកផ្លូវដែកដែលសំលាប់មនុស្សច្រើនបំផុត នៅក្នុងពិភពលោក។
ទូរថភ្លើង ដឹកប្រេងឆៅយ៉ាងហោចចំនួនបួនបានផ្ទុះឡើង បង្កជាភ្លើងសន្ធោរសន្ធៅ នៅក្រុង Lac-Mégantic នៅQuébec ប្រទេសកាណាដា កាលពីយប់ថ្ងៃសៅរ៍ ចូលព្រឹកថ្ងៃអាទិត្យ ធ្វើអោយមានមនុស្សស្លាប់ជាច្រើន។ ទីប្រជុំជនក្រុងមួយផ្នែកត្រូវបានបំផ្លាញ។ អគារជាង៤០កន្លែង បានរងការខូចខាតដោយសារភ្លើងឆេះ។ ក្រុង Lac-Mégantic ស្ថិតនៅចំងាយ២៥០ គីឡូម៉ែត្រពីរដ្ឋធានីMontréal មានប្រជាជនប្រមាណជា ៦០០០នាក់ រស់នៅ។
រថភ្លើងដឹកប្រេងនេះ គ្មានមនុស្សបើកបរនោះទេ។ វាជារថភ្លើងរបស់ ក្រុមហ៊ុនអាមេរិកាំង The Montreal Maine and Antlantic មានទូដឹកប្រេងប្រមាណជា៧២ទូ ដឹកប្រេងឆៅប្រហែល ១០០តោន ពីរដ្ឋ Dakota ភាគខាងជើងអាមេរិកមក។ ២០ម៉ោងបន្ទាប់ពីហេតុការបានកើតឡើង ក្រុមពន្លត់អគ្គិភ័យនៅពិបាកបង្ក្រាបអគ្គិភ័យនៅឡើយ។ ក្រុមពន្លត់អគ្គិភ័យភាគច្រើន មកពីរដ្ឋMaine នៅសហរដ្ឋអាមេរិកស្ថិតនៅក្បែរនោះ។
បញ្ហាបច្ចេកទេសអាចជាមូលហេតុនៃគ្រោះថ្នាក់នេះ។ យោងតាមអ្នកនាំពាក្យក្រុមហ៊ុនរថភ្លើង មុនពេលកើតហេតុការ រថភ្លើងនេះកំពុងតែស្ថិតនៅភូមិមួយនៅជិតក្រុងNantes ក្បែរនោះ ហើយមិនមានដំណើរការនោះទេ។ ប៉ុន្តែគេមិនដឹងថា តើមូលហេតុអ្វីបានជារថភ្លើងនេះបានបើកបរទៅមុខដោយខ្លួនឯង រហូតដល់ទីចំណោទដែលនាំផ្លូវទៅដល់ក្រុង Lac-Mégantic។
នាយករដ្ឋមន្ត្រីQuébec លោកស្រី Pauline Marois បានសំដែងការសោកស្តាយចំពោះវិនាសកម្មនេះ៕ដោយ ព្រំ សឿន សូលីណា (RFI)