ជនសង្ស័យ ចំនួន ៤ នាក់ ត្រូវចាប់ខ្លួនរឿងផ្ទះអាវុធ ជាមួយក្បួនឃោសនា គណបក្សសង្គ្រោះជាតិ
Cambodia News
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤ នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយសកម្មជនគណបក្ស សង្គ្រោះជាតិ រហូតដល់មានការផ្ទុះអាវុធ និងការប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវលេខ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧ យប់ ហើយអូសបន្លាយរហូតដល់ម៉ោងជាង ៩ យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីក្រុមជនសង្ស័យ និងសកម្មជនគណបក្ស សង្គ្រោះជាតិ បានប៉ះទង្គិចពាក្យសំដីគ្នា ដោយសារតែការឌឺដងដាក់គ្នាទៅវិញទៅមក រឿងគណបក្ស។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យចំនួន ៤នាក់ ដែលត្រូវបានចាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ១-ឈ្មោះ ឃី គឹមលន់ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២-ឈ្មោះ អ៊ុង ច័ន្ទថន ជាអង្គរក្ស និងជាមន្ត្រីកងរាជអាវុធហត្ថនៅខេត្តកណ្តាល ជាអ្នកបាញ់ចំនួន៤គ្រាប់ ៣-ឈ្មោះ មៀក សៅភារិទ្ធ ជាបុគ្គលិកក្រុមហ៊ុនលក់សៀវភៅ
៤-ឈ្មោះ ភោគ ចំរើនឧត្តម ជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។
មន្ត្រីដដែលបានបន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ៤នាក់ ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរអំពីដំណើររឿង ដែលឈានទៅដល់ការផ្ទុះអាវុធ និងការប្រើអំពើហិង្សាដាក់គ្នា។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានធ្វើពិធីខួបកំណើត នៅក្នុងភូមិគ្រឹះគ្មានលេខ ដែលគេស្គាល់ថា ជាផ្ទះរបស់លោកឧកញ៉ា លី គឹមលុន នៅតាមបណ្តោយផ្លូវ៣១៥ សង្កាត់ផ្សារដើមថ្កូវ ហើយនៅពេលដែលក្បួនឃោសនាគណបក្ស សង្គ្រោះជាតិ មកដល់មុខភូមិគ្រឹះ (របងផ្ទះមានបិទស្លាកគណបក្សប្រជាជនកម្ពុជា) ក៏បានស្រែកដៀមដាមដាក់ រហូតទប់កំហឹងមិនបាន ភាគីទាំងពីរ ក៏មានការប្រតាយប្រតប់គ្នា រហូតឈានទៅដល់ការផ្ទុះអាវុធតែម្តងទៅ។
ជុំវិញហេតុការណ៍នោះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅពេលដែលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដឹកនាំដោយលោក យឹម សុវណ្ណ បានដង្ហែក្បួនឃោសនា ដល់ផ្លូវលេខ ១៣៥ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ទល់មុខផ្ទះលោកឧកញ៉ា លី គឹមលុន ស្រាប់តែមានការប្រើហិង្សា ដោយការគប់ដុំថ្ម លើក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ បណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស។ ពេលនោះ ក៏មានការបាញ់កាំភ្លើងពី ៥ ទៅ ១០ គ្រាប់ ហើយអ្នកចូលរួមហែក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ ចំនួន ៣ នាក់ ត្រូវបានចាប់ខ្លួន ដោយគ្មានមូលហេតុ។
គណបក្សសង្គ្រោះ ជាតិ បានប្រកាសថ្កោលទោសលើសកម្មភាពរំខានក្បួនឃោសនា ហើយទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេត ចាប់ខ្លួនជនបង្ក និងអ្នកនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់៕