ក្រសួងព័ត៌មានអំពាវនាវកុំឲ្យមានការវាយប្រហារគ្នារឿងនយោបាយក្នុងប្រព័ន្ធសង្គម Facebook
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកក្កដា លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានធ្វើការអំពាវនាវមួយដល់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ សូមកុំឲ្យវាយប្រហារគ្នាពីរឿងនយោបាយ ក្នុងកំឡុងយុទ្ធនាការ នៃការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥នេះ។

លោក ខៀវ កាញារិទ្ធ បានមានប្រសាសន៍ថា កំឡុងពេលឃោសនាបោះឆ្នោតដំបូង មានការវាយប្រហារគ្នាច្រើនតាមរយៈប្រព័ន្ធបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងរឿងនយោបាយ ដោយមានការជេរគ្នាទៅវិញទៅមក។
ប៉ុន្តែនៅពេលនេះលោកសង្កេតឃើញថា ការវាយប្រហារគ្នានោះបានថយចុះវិញ ដូច្នេះលោកសូមអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវមានសីលធម៌ខ្លួនឯង ដូចជានៅក្នុងប្រព័ន្ធសារព័ត៌មានដូច្នោះដែរ។
ជាមួយគ្នានេះលោក ខៀវ កាញារិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគម្រោងដើម្បីត្រួតលើប្រព័ន្ធសង្គម Facebook នោះទេ ហើយថា រាជរដ្ឋាភិបាលក៏គ្មានមនុស្សគ្រប់គ្រាន់ទៅគ្រប់គ្រងបញ្ហានោះដែរ៕