សតវត្សរ៍២១ដិតដាមដោយវិបត្តិអាកាសធាតុនិងគ្រោះធម្មជាតិ
ដប់ឆ្នាំដំបូងនៃសតវត្សរ៍ទី ២១ នេះ ត្រូវបានគេមើលឃើញថាមានសន្ទុះនៃការឡើងកម្តៅរបស់ភពផែនដីមាន ល្បឿនលឿន។ ឯលក្ខខណ្ឌអាកាសធាតុជ្រុលហួសហេតុ (ជួនក្តៅជ្រុល ជួនត្រជាក់ជ្រុល ជួនភ្លៀងជ្រុល ជួនរាំងស្ងួតខ្លាំង) បានសម្លាប់ជីវិតមនុស្សជាសរុប ៣៧០ ០០០នាក់។ នេះបើតាមរបាយការណ៍អង្គការឧត្តុនិយមពិភពលោក (OMM)។
ជាមួយ នឹងគ្រោះអាកាសធាតុក្តៅហួតហែងខ្លាំងឆ្នាំ២០០៣នៅអឺរ៉ុប និង២០១០នៅរុស្ស៊ី គ្រោះមហន្តរាយខ្យល់ព្យុះកាទ្រីណា នៅសហរដ្ឋអាមេរិកឆ្នាំ២០០៥ និងព្យុះNargis នៅភូមាក្នុងឆ្នាំ២០០៨ ចំនួនជនរងគ្រោះបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ បានកើនឡើង២០% នៅក្នុងទសវត្សឆ្នាំ២០០១-២០១០ បើប្រៀបទៅនឹងទសវត្សរ៍ឆ្នាំ ១៩៩១-២០០០។ ចំនួនមនុស្សស្លាប់វិញមានការកើនឡើងលើសទ្វេដង (ក្រោម៦ពាន់នាក់នៅរវាងពីឆ្នាំ១៩៩១-២០០០ / ជាង១៣៦០០០នាក់នៅទសវត្សរ៍ ២០០១-២០១០)។
ម្យ៉ាងវិញទៀត បើដកករណីឆ្នាំ២០០៨មួយចេញ ទសវត្សរ៍ទីមួយ (ឆ្នាំ២០០១-២០១០) នៃសតវត្សរ៍ទី២១នេះ ជារយៈពេល១០ឆ្នាំដែលមានអាកាសធាតុក្តៅជាងគេបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិឧត្តុនិយមពិភព លោក។ សីតុណ្ហភាព និងល្បឿននៃការឡើងកម្តៅ បានស្ទុះឡើងគួរឱ្យព្រួយបារម្ភខ្លាំងនៅទសវត្សរ៍ចុងក្រោយនេះ ពោលគឺ០,២១°C ក្នុងខណៈដែរល្បឿននៃការឡើងកម្តៅសីតុណ្ហភាព ក្នុងមួយទសវត្សរ៍មុនៗ ត្រូវបានគេប៉ាន់ប្រមាណពីមុនថាមានកំរិត ជាមធ្យម០,១៤°C។
កម្ពស់ទឹកសមុទ្ទ ក៏មានល្បឿនលឿនជាងមុនពីរដងដែរ ៖ កាលពីសតវត្សទី ២០ ក្នុងឆ្នាំ ទឹកសមុទ្ទឡើង ១,៦មីល្លីម៉ែត្រ តែមកដល់សតវត្សរ៍ទី២១នេះ កម្ពស់ទឹកកើនឡើង៣ម.ល. ជារៀងរាល់ឆ្នាំ។ ទសវត្សរ៍ឆ្នាំ២០០១-២០១០ ក៏ត្រូវបានសម្គាល់ឃើញមានគ្រោះមហន្តរាយទឹកជំនន់ កាន់កាចសាហាវ និងកាន់តែញយ នៅអឺរ៉ុប ខាងកើត ឥណ្ឌា អាហ្វ្រិក និងអាស៊ី ព្រមទាំងអូស្ត្រាលី ទន្ទឹមគ្នានឹងភាពរាំងស្ងួត នៅតាមតំបន់វាលខ្សាច់ នៅ អាហ្វ្រិក អូស្ត្រាលី និងអាមាហ្សូន។
បើតាមការព្យាករណ៍របស់អ្នកទទួលខុសត្រូវអង្គការឧត្តុនិយមពិភពលោក ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កំពុងប្តូរបរិស្ថាននិងអាកាសធាតុ។ នៅថ្ងៃអនាគត គេត្រូវរង់ចាំពាក្យថា ជ្រុល ! ក្តៅជ្រុល និងបម្រែបម្រួលអាកាសធាតុខ្លាំង នឹងកើតមានកាន់តែញឹកញាប់ខ្លាំងទសវត្សខាងមុខនេះ៕ដោយ អៀង សុខម៉ិញ(RFI)