លោក ជុំ ម៉ី ប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ មិនមែនប្តឹងពីបទថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្តទេ
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកក្កដា មេធាវីការពារឲ្យលោក ជុំ ម៉ី និងជនរងគ្រោះនៃគុកទួលស្លែងចំនួន៣រូបទៀត គឺលោកមេធាវី គួយ ឆុនណា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់កម្មវត្ថុនៃបណ្តឹងរបស់កូនក្តីលោក គឺប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ ចំពោះសម្តីរបស់គាត់ដែលថា កូនក្តីលោកកាត់តសំឡេង និងមិនមែនប្តឹងលោក កឹម សុខា ពីបទដែលនិយាយថា «គុកទួលស្លែង ជាគុកសិប្បនិម្មិត្តរៀបចំឡើងដោយវៀតណាម» ដូចជាការយល់ច្រឡំរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។
សេចក្តីថ្លែងការណ៍របស់លោកមេធាវី គួយ ឆុនណា បានបញ្ជាក់ថា ធាតុពិតកម្មវត្ថុ នៃបណ្តឹងដែលកូនក្តីលោកបានប្តឹងលោក កឹម សុខា គឺពីបទបរិហាកេរ្តិ៍ ដោយហេតុថា លោក កឹម សុខា បានធ្វើការឃោសនាជាមួយសកម្មជនគណបក្សគាត់ថា «គុកទួលស្លែងជាគុកសិប្បនិម្មិត្តរៀបចំឡើងដោយវៀតណាម»។
ហើយនៅពេលផុងខ្លួនកាន់តែជ្រៅទៅៗក្នុងរណ្តៅមរណៈនយោបាយ ដោយខ្លាចបាត់បង់ នីត្យានុកូលភាព ធម្មនុរូបភាព និងកិត្យានុភាព ដែលជាសក្កានុពលភាពនយោបាយ លោក កឹម សុខា ក៏ខំរើខ្លួនដោយនិយាយថា កូនក្តីលោកបាន «កាត់តសំឡេងរបស់គាត់»។
សេចក្តីថ្លែងការណ៍បន្តថា ក្នុងឋានៈកូនក្តីលោកជាជនរងគ្រោះ និងជាអតីតអ្នកទោសជាប់គុកនៅទួលស្លែង និងជាម្ចាស់កាសែតសំឡេងនោះដែលបានថតដោយផ្ទាល់ដៃ មានការឈឺចុកចាប់ និងប៉ះពាល់ដល់អារម្មណ៍យ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះហើយក៏សម្រេចចិត្តដាក់ពាក្យប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ ដោយលោក កឹម សុខា ចោទកូនក្តីលោកថាបាន «កាត់តសំឡេងរបស់គាត់» នោះ៕