ឃាត់ខ្លួនជនសង្ស័យបាញ់ប្រហារមន្ត្រីប៉េអឹម និងលោក ឈុត វុទ្ធី
ជនសង្ស័យម្នាក់ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថានកាលពីថ្ងៃទី២៦ មេសា ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានកម្លាំងប៉េអឹមស្វែងរកឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១ ឧសភា ២០១២ នៅជិតក្រុមហ៊ុនកាប់ឈើតែម្តង។
ខ្មាន់កាំភ្លើងដែលជាជនសង្ស័យឈ្មោះរ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ ។ ខ្មាន់កាំភ្លើងឈ្មោះរ៉ាន់ បូរ័ត្ន បាននិយាយថា ក្នុងហេតុការណ៍បាញ់ប្រហារនាំឱ្យស្លាប់២នាក់នោះ គឺមានសាក្សីដែលបានឃើញព្រឹត្តិការណ៍នេះចំនួន៤នាក់ទៀតជាអ្នក ធ្វើការក្នុងក្រុមហ៊ុនកាប់ឈើដែរ។
គួររំលឹកថា កាលពីថ្ងៃទី២៦ មេសា ២០១២ នៅកណ្តាលទ្រូងព្រៃ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង មន្ត្រីប៉េអឹមការពារជំរំស្តុកឈើម្នាក់ឈ្មោះអ៊ិន រតនា ត្រូវបានគេបាញ់ស្លាប់ដេកដួលនៅនឹងកន្លែង និងប្រធានអង្គការការពារបរិស្ថានម្នាក់ទៀតឈ្មោះឈុត វុទ្ធី ក៏ត្រូវគេបាញ់ស្លាប់នៅក្នុងរថយន្តផងដែរ៕