សង្គ្រាម​នៅ​ស៊ីរី​មានពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ស៊ីនជាំង

សារព័ត៌​រដ្ឋ​ចិន​មួយ​ចំនួន​​បាន​សរសេរ​ ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​និង​រដ្ឋាភិបាល​ស៊ីរី បាន​បង្កើតឱ្យមាន​កង​កម្លាំង​ប្រយុទ្ធ​ឥស្លាម ដែល​ក្រុម​ទាំង​នោះ​ជា​ប្រភព​នៃ​អំពើ​ហិង្សា​នៅ​ស៊ីនជាំង ​ភាគពាយ័ព្យ​ប្រទេសចិន​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ដែល​បណ្តាល​ឱ្យ​មាន​ មនុស្ស​ស្លាប់​ចំនួន​៣៥នាក់។

ទីក្រុង​ប៉េកាំង​បាន​អះអាង​ជា​ញឹកញ៉ាប់​ថា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ ហិង្សា​ជា​ច្រើន​ដង រវាង​ក្រុម​ជនជាតិតិច​ឥស្លាម​ដែល​ហៅ​ថា​អ៊ុយហ្គួរ និង​ក្រុមប៉ូលីស​រដ្ឋាភិបាល​ចិន គឺ​មាន​ប្រភព​មក​ពី​បរទេស។ ក្នុង​នោះរដ្ឋា​ភិបាល​ទីក្រុង​ប៉េកាំង​បាន​ចោទ​ថា​ពួក​គេ ជា​ក្រុម​ភេរវកម្ម ដែល​ជា​ពិសេស​ចេញ​មក​ពី​ប្រទេស​ប៉ាគីស្ថាន។​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ ការសែត រដ្ឋចិនមួយ។​

Global Times ដែល​ជា​ការសែត​មួយ​របស់​បក្ស​គុម្មុយនីស​ចិន​បាន​ពន្យល់​ថា​ក្រុម​ខាងលើ បាន​ហ្វឹកហ្វឺន​ឡើង ដោយ​ក្រុម​ផ្តាច់​ខ្លួន​មួយ របស់​រដ្ឋ Turkestan ខាងកើត។​ហើយ​ពួក​គេ​ទាំងនោះ​មាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ស៊ីវិល​នៅស៊ីរី។

ចាប់​តាំង​ពី​ឆ្នាំ២០១២ មក​សមាជិក​មួយ​ចំនួន​របស់​ក្រុម​អ្នក​បះបោរ​មកពី​រដ្ឋ​ Turkestan ខាងកើត បាន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី ដោយ​ឆ្លងកាត់​តាម​ប្រទេស​តួកគី។​ក្រុមនេះ​បាន​ចូល​រួម​ជា​មួយ​ចលនា​របស់​ អង្គការ​ឥស្លាម​ជ្រុលនិយមួយ ដែល​មាន​សាសនា​តឹងរឹង។ ក្នុង​នោះ កាសែត​ខាងលើ​បាន​ចាត់ទុក​ថា​ជា​ចលនា​របស់​ក្រុមភេរវកម្ម​ក្រោម​ការដឹកនាំ​ របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន។ តែ​កាសែត​ក៏​មិន បានភ្លេច​បញ្ជាក់​ដែរ​ថា មាន​ក្រុម​មួយ​ចំនួន​ជា​សមាជិក​ដែល​ស្និត​ជាមួយ​ក្រុម​យោធា​លោក​Bachar Al Assad។

ប្រភព​ដដែល​បង្ហាញ​ថា ពេលនេះ​ក្រុម​ប្រដាប់អាវុធ​នៅ Turkestan ខាងកើត​កំពុង​តែបង្ក​កម្លាំង​របស់​ខ្លួន ដើម្បី​បង្កើត​ជា​ចលនា​ភេរវកម្ម​មួយ នៅ​លើ​ដែន​ដី​ប្រទេសចិន។

ទាក់ទង​នឹង​រឿង​នេះ​ដែរ គេ​មិន​អាច​សុំ​ការ​អធិប្បាយ​ណា​មួយ ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​អជ្ញាធរ​ក្រុងស៊ីនជាំងឡើយ។ តែ​គេ​ដឹង​ហើយ​ថា ក្នុង​បរិបទ​នៃ​ការ​ទំនាក់ទំនង​អន្តរជាតិ រដ្ឋាភិបាល​ចិន​តែងតែ​គាំទ្រ​ដល់​រដ្ឋាភិបាល​ទីក្រុងដាម៉ាស​របស់លោក​Bachar al Assad។ ដែល​ក្នុង​នោះ​ចិន​ចង់​ឱ្យ​មាន​ការ​ចរចា រក​សន្តិភាព​មួយ​រវាង​ក្រុម ​​ឧទ្ទាម និង​រដ្ឋាភិបាល​ស៊ីរី។

សូម ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដដែល​នេះ ការសែត​ចិន​ជា​ច្រើន បាន​ចោទ​ទៅ​សារព័ត៌មាន របស់​ប្រទេស​បស្ចិមលោក កំពុង​តែ​លើក​ទឹក​ចិត្ត​ដល់​បះបោរ​នៅ​ស៊ីនជាំង ដែល​ចិន​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវជន។ ដោយ​កាល​ពី​សប្តាហ៍​មុន​អំពើហិង្សា រវាងក្រុម​ជនជាតិភាគតិច អ៊ុយហ្គួ និងក្រុមប្រជាជន​ហាន ព្រមទាំង​អជ្ញាធរចិន បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​សម្លាប់​ចំនួន ៣៥នាក់៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close