អ្នកបឹងកក់ ចាប់ផ្តើមបិទផ្លូវព្រះមុនីវង្សមុខសាលាក្រុង
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា នេះប្រជាសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ បានចាប់ផ្តើមបិទផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ជាបណ្តើរៗ បណ្តាលឲ្យចរាចរណ៍កកស្ទះ។

ក្រុមអ្នកតវ៉ាបន្តប្រមូលផ្តុំគ្នានេះ បន្ទាប់ពីការតវ៉ាកាលពីថ្ងៃចន្ទម្សិលមិញ មិនទាន់មានដំណោះស្រាយ និងមានការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច បណ្តាលឲ្យស្ត្រីបឹងកក់ម្នាក់មានផ្ទៃពោះបីខែ រលូតកូន និងម្នាក់ទៀតរងរបួស។
អ្នកតវ៉ាបានលើកបដា និងស្រែកទាមទារឲ្យមន្ត្រីសាលាក្រុង ចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគេ និងដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឡានទឹកចំនួនពីរគ្រឿងក្បែរសាលាក្រុង ដើម្បីបំបែកក្រុមអ្នកតវ៉ាបឹងកក់ តែមិនមានការបាញ់ទឹក ទៅលើប្រជាពលរដ្ឋនោះទេ៕