ក្រុងព្យូងយ៉ាង ដាក់ពង្រាយគ្រាប់មីស៊ីលជាថ្មីនៅតាមព្រំដែន
ទីភ្នាក់ងារព័ត៌មានរបស់ កូរ៉េខាងត្បូង យ៉ុនហាប់ បានសរសេរឱ្យដឹង នៅក្នុងថ្ងៃអាទិត្យទី៣០ មិថុនា នេះថា កូរ៉េខាងជើង កំពុងតែដាក់ពង្រាយគ្រាប់រ៉ូកែតជាច្រើននៅតាមបណ្តោយព្រំដែន ដែល គ្រាប់ទាំងនោះ មានសមត្ថភាពអាចបាញ់ដល់ទីក្រុងសេអ៊ូល។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានបញ្ជាក់ថា ក្រុមកំភ្លើងធំដែលមកតំបន់ខាងជើងបានត្រូវគេដាក់ពង្រាយនៅតាម បន្ទាយជាច្រើន ជាប់ព្រំដែនរវាងប្រទេសបងប្អូនទាំងពីរ ក្នុងនោះមានគ្រាប់មីស៊ីលដែលទំនើបៗ។
គ្រាប់រ៉ូកែតដែលមានច្រើនកាណុងទាំងនោះ អាចបាញ់បានចម្ងាយប្រមាណជាង៧០ គីឡូម៉ែត្រ គឺវាអាចបាញ់រហូតដល់រាជធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានដកស្រង់ ដោយ ទីភ្នាក់ងារយ៉ុនហាប់ ដោយមិនបានបញ្ចេញឈ្មោះអ្នកនាំពាក្យនោះឡើយ។
តែបើតាមប្រភពព័ត៌មាន ដកស្រង់ដោយភ្នាក់ងារបារាំង AFP រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងត្បូង បានបដិសេធក្នុងការបញ្ជាក់ឱ្យច្បាស់ នូវព័ត៌មានលើនេះ។ ហើយបើតាមទិន្នន័យរបស់យោធារ កូរ៉េខាងជើង មានគ្រាប់រ៉ូកែតប្រមាណជាង ៥១០០គ្រាប់។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលគុម្មុយនីសកូរ៉េខាងជើង បានធ្វើទំនើបកម្មអាវុធរបស់ខ្លួនជាច្រើន។ នេះជាហេតុផលមួយដែលធ្វើឱ្យ គេយល់ថា វាជាការគំរាមមួ ផ្នែកសន្តិសុខដល់កូរ៉េខាងត្បូង។ ក្នុងនោះប្រជាជនដែលនៅទីក្រុង សេអ៊ូល និងជុំវិញទីក្រុង ប្រមាណ៤៩គ្រួសារ តែងតែរងនូវការគំរាមកំហែង ដោយសារតែគ្រាប់រ៉ូកែត និងកំភ្លើងធំជាញឹកញ៉ាប់ ដែលបានដាក់ពង្រាយតាមបណ្តោយព្រំដែនកូរ៉េខាងជើង។
សូមរម្លឹកថាកាលពីឆ្នាំ២០១០ កូរ៉េខាងជើងបានបាញ់គ្រាប់រ៉ូកែតរបស់ខ្លួន ទៅលើកោះមួយរបស់កូរ៉េខាង ត្បូង ជិតព្រំដែនដែលបណ្តាលឱ្យមនុស្សជាង៤០នាក់បានស្លាប់៕ដោយ ជា ប៊ុនធឿន (RFI)