តុលាការ មិនទាន់សម្រេចលើបណ្តឹងប្រឆាំងនាយករដ្ឋមន្ត្រី នៅឡើយទេ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ លើបណ្តឹងរបស់ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បន្ទាប់ពីស្តាប់ការបកស្រាយរបស់លោក លើបណ្ដឹងប្រឆាំងនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី២០ ខែមិថុនា លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងនាយករដ្ឋមន្ត្រី ពីបទក្លែងបន្លំឯកសារសាធារណៈ និងជាអ្នកផ្តើមគំនិតរួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តោយឲ្យជនជាតិវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់។
ព្រឹកថ្ងៃចន្ទ ព្រះរាជអាជ្ញាររងសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿ វន្នី បានឲ្យអ្នកសារព័ត៌មានដឹងថា ភ្លាមៗបន្ទាប់ពីស្តាប់ លោក សួង សុភ័ណ្ឌ ថា តុលាការមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
បន្ទាប់ពីចូលបកស្រាយបណ្តឹង នៅសាលាដំបូងរាជធានីភ្នំពេញរួចមក លោក សួង សុភ័ណ្ឌ បានប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការ ថា លោកបានបង្ហាញភស្តុតាង ដូចជាសំឡេងលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៩០ និងជនវៀតណាម១០នាក់ ដែលត្រូវបានអនុញ្ញាតឲ្យមានអត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរ។
គួរបញ្ជាក់ថា ការប្តឹងរបស់ លោក សួង សុភ័ណ្ឌ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានច្រានចោលរបាយការណ៍ និងការលើកឡើងមួយចំនួនរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលអះអាងថា ជនជាតិវៀតណាមនៅកម្ពុជា មានចំនួនជាង៤លាននាក់។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ជនជាតិវៀតណាមនៅកម្ពុជា មានចំនួនតែជាង១០ម៉ឺននាក់តែប៉ុណ្ណោះ៕