ប្រធានចលនាយុវជនបក្សប្រឆាំង ចូលបំភ្លឺបង្ហាញភស្តុតាងប្រឆាំងនឹងលោក ហ៊ុន សែន
Cambodia News
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០១ ខែកក្កដា នេះ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ នឹងចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបណ្តឹងប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទថាបានធ្វើខុសច្បាប់ ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណដល់ ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។

លោក សួង សុភ័ណ្ឌ បន្តថា លោកនឹងលើកយកភស្តុតាងចំនួនពីរ ដាក់បន្ទុកលើលោកនាយករដ្ឋមន្ត្រី គឺទីមួយសំឡេងរបស់នាយករដ្ឋមន្ត្រីទាក់ទងនឹងវៀតណាម និងទីពីរ គឺឯកសារបញ្ជាក់ថា វៀតណាមចំនួន១០នាក់ ដែលមានអត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរ។
កាលពីថ្ងៃទី ២០ខែមិថុនា លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងនាយករដ្ឋមន្ត្រី ពីបទក្លែងបន្លំឯកសារសាធារណៈ និងជាអ្នកផ្តើមគំនិតរួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តោយឲ្យជនជាតិវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ ធ្លាប់មានប្រសាសន៍ថា អត្តសញ្ញាណប័ណ្ណ គឺចេញសម្រាប់តែប្រជាពលរដ្ឋខ្មែរទេ តែមានការចេញប័ណ្ណសម្គាល់សម្រាប់ជនអន្តោប្រវេសន៍ ហើយពួកគេមិនមានសិទ្ធិដូចពលរដ្ឋខ្មែរទេ៕