គណៈកម្មការចម្រុះធ្វើការស៊ើបអង្កេតករណីស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា
នៅថ្ងៃទី២ ឧសភា ២០១២ គណៈកម្មការចម្រុះបានចាប់ផ្ដើមបំពេញបេសកកម្មរបស់ខ្លួន
បន្ទាប់ពីមានសេចក្ដីសម្រេចបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតករណីស្លាប់ លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ មេសា ២០១២។
បន្ទាប់ពីជួបប្រជុំ កាលពីថ្ងៃទី១ ឧសភា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា ដែលជាសមាជិកគណៈកម្មការចម្រុះស៊ើបអង្កេតករណីស្លាប់ លោក ឈុត វុទ្ធី និងឈ្មោះ អ៊ិន រតនា បានឲ្យដឹងថា នៅថ្ងៃទី២ ឧសភា ២០១២ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នឹងត្រូវចុះទៅកាន់ខេត្តកោះកុង ដើម្បីស្រាវជ្រាវស៊ើបអង្កេតដល់ទីកន្លែងកើតហេតុ។
សេចក្តីសម្រេច ដែលបានផ្សព្វផ្សាយដល់អ្នកកាសែត នៅថ្ងៃទី១ ឧសភា ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គណៈកម្មការចម្រុះនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីជួយបំពេញការងារខាងលើ និងមានសិទ្ធិបង្កើតក្រុមការងារមួយចំនួន តាមការចាំបាច់។ គណៈកម្មការចម្រុះនេះ ក៏មានសិទ្ធិប្រើប្រាស់ត្រារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងករណីពាក់ព័ន្ធខាងលើ។
គួររំលឹកថា កាលពីម៉ោងវេលាជាង ១២ ថ្ងៃត្រង់ ថ្ងៃទី២៦ មេសា ២០១២ មន្ត្រីប៉េអឹមការពារជំរំស្តុកឈើម្នាក់ ត្រូវបានគេបាញ់ស្លាប់ដេកដួលនៅនឹងកន្លែង និងប្រធានអង្គការការពារបរិស្ថានម្នាក់ទៀត ក៏ត្រូវគេបាញ់ស្លាប់នៅក្នុងរថយន្តផងដែរ បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង ខណៈដឹកអ្នកកាសែតបរទេសម្នាក់អ្នកកាសែតកម្ពុជាម្នាក់ទៅថត យករូបភាពនៅជំរំស្តុកឈើប្រណីត ក្នុងព្រៃសោង ខេត្តកោះកុង៕