ពលករខ្មែរជិះរថយន្តលួចឆ្លងដែនចូលប្រទេសថៃ ក្រឡាប់ស្លាប់ ១០ នាក់
នៅយប់ថ្ងៃទី២៨ មេសា ២០១២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដែលបានទទួលព័ត៌មានបឋមពីក្រុមការងាររបស់លោកពីភាគីថៃថា មានករណីគ្រោះថ្នាក់រថយន្តដឹកពលករនៅពេលយប់នោះ ស្លាប់ ៤នាក់ ប្រុស២ និងស្រី ២នាក់។
លោកបានបន្តទៀតថា មួយករណីទៀតករណីដូចគ្នានេះដែរ នៅយប់ថ្ងៃទី២៩ មេសា ស្លាប់ ៦នាក់ ប្រុស ៤នាក់ ស្រី ២នាក់។
លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះ កើតឡើងនៅក្នុងខេត្តចាក់ឈឹងសូ ភាគអាគ្នេយ៍ រាជធានីបាងកក ប្រទេសថៃ ឥឡូវនេះសព និងជនរងគ្រោះរបួសកំពុងនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសថៃ។
ដោយឡែករណីមួយផ្សេងទៀត មានការសង្ស័យថា មានការបាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៥នាក់ ខណៈពេលពួកគេឡើងច្រមុះភ្នំដងរែក ដើម្បីជ្រៀតចូលទៅរកកាប់ឈើនៅក្នុងប្រទេសថៃ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមគ្នាជាមួយស្រុកចំនួន២របស់ថៃ គឺស្រុកតាប្រាយ៉ា ខេត្តស្រះកែវ និងស្រុកឡាន់ខានសាយ ខេត្តប៊ូរីរ៉ាំ៕