លោក កឹម សុខា មិនចូលបំភ្លឺតុលាការទេ
Cambodia News
ភ្នំពេញ៖ ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីម្សិលមិញមិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ដែលប្តឹងដោយក្រុមអ្នករស់រានមានជីវិតពីគុកទួលស្លែង។
លោក កឹម សុខា បានថ្លែងថា ចំពោះបណ្តឹងដែលដាក់ដោយអ្នករស់រានមានជីវិតពីមន្ទីរ ស‑២១គឺ លោក ជុំ ម៉ី ដែលជាប្រធានសមាគមជនរងគ្រោះនៃរបបខ្មែរក្រហម រួមជាមួយនឹងអ្នករស់រានពីរបបនេះ៣នាក់ទៀតថា «បញ្ហាប្តឹងប្ដល់នេះមិនមែនជាបញ្ហាដែលសំខាន់សម្រាប់ខ្ញុំទេ ខ្ញុំជាប់រវល់ អំពីការផ្តោតទៅលើបញ្ហាបោះឆ្នោតជាធំ»។
នៅក្នុងបណ្តឹងបរិហារកេរ្តិ៍នេះ ដើមបណ្តឹងទាំងបួននាក់អះអាងថា សំឡេងរបស់លោក កឹម សុខាដែលនិយាយថាប្រវត្តិសាស្រ្តនៃគុកខ្មែរក្រហមត្រូវបានប្រឌិត ឡើងដោយពួកឈ្លានពានវៀតណាមគឺវាមានអត្ថន័យជាការបរិហាកេរ្តិ៍។
លោក កឹម សុខា បានថ្លែងបដិសេធថា លោកមិនបានធ្វើការអត្ថាធិប្បាយ ដូចការចោទប្រកាន់នោះទេហើយបានអះអាងបញ្ជាក់ថា សំឡេងនោះដែលចេញដោយរដ្ឋាភិបាលគឺត្រូវបានកាត់ត។
ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងអវត្តមានរបស់ លោក កឹម សុខា ទេ និងបានថ្លែងថា លោកនឹងពិនិត្យមើលលើករណីនេះ ហើយនឹងធ្វើតាមនីតិវិធីតុលាការ៕