ពូទីនថា Edward Snowden មិនទាន់ចាកចេញពីព្រលានយន្តហោះក្រុងម៉ូស្គូទេ
ចាប់តាំង ពី Edward Snowden បានចាកចេញពីហុងកុង កាលពីថ្ងៃអាទិត្យមក ទីកន្លែងលាក់ខ្លួនរបស់អតីតបុគ្គលិកភ្នាក់ងារចារកិច្ចអាមេរិករូបនេះ នៅតែបន្តជារឿងចម្រូងចម្រាស និងពោរពេញទៅដោយអាថ៌កំបាំង។ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីអះអាងថា Snowden មិនបានឆ្លងព្រំដែនចូលក្នុងប្រទេសរុស្ស៊ីទេ ចំណែកលោកប្រធានាធិបតីពូទីនវិញបានឲ្យដឹង កាលពីល្ងាចថ្ងៃអាទិត្យថា Snowden កំពុងស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិក្រុងម៉ូស្គូ។
កាលពីថ្ងៃ អង្គារ សហរដ្ឋអាមេរិកបានដាក់កំហិតសាជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលរុស្ស៊ី ចាប់ខ្លួន Edward Snowden បញ្ជូនទៅអាមេរិកវិញ ដើម្បីប្រឈមមុខនឹងការកាត់ទោសពីបទទម្លាយឯកសារសម្ងាត់។ អាមេរិកក៏បានរិះគន់ខ្លាំងៗផងដែរ ចំពោះ ចិន និងរុស្ស៊ីថាបានសមគំនិតជួយឲ្យ Edward Snowden រត់គេចខ្លួនពីសំណាញ់ច្បាប់អាមេរិក។
ឆ្លើយតបនឹងការរិះគន់នេះ លោក Sergei Lavrov រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី បានបដិសេធថា រុស្ស៊ីមិនមានជាប់ពាក់ព័ន្ធណាមួយ ទៅនឹងការរត់គេចខ្លួនរបស់ Edward Snowden នោះទេ ហើយលោកក៏បានបញ្ជាក់ផងដែរថា អតីតបុគ្គលិកទីភ្នាក់ងារចារកិច្ចអាមេរិករូបនេះមិនបានឆ្លងព្រំដែន ចូលក្នុងទឹកដីរុស្ស៊ីនោះទេ។
ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក នៅល្ងាចថ្ងៃអង្គារ ក្នុងសន្និសីទកាសែត នៅក្នុងប្រទេសហ្វាំងឡង់ លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសថា Edward Snowden កំពុងស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិក្រុងម៉ូស្គូ មិនទាន់ចេញទៅណានៅឡើយទេ។
ការថ្លែងរបស់មេដឹកនាំជាន់ខ្ពស់រុស្ស៊ីទាំងពីររូបនេះ មិនប្រាកដថា ជារឿងផ្ទុយគ្នានោះទេ។ Edward Snowden អាចកំពុងស្ថិតនៅក្នុងព្រលានយន្តហោះក្រុងម៉ូស្គូ ក៏ប៉ុន្តែ ស្ថិតក្នុងតំបន់រង់ចាំប្តូរជើងយន្តហោះ ដែលជាតំបន់ “ស” ហើយមិនចាំបាច់ឆ្លងកាត់ច្រកត្រួតពិនិត្យលិខិតឆ្លងដែន។ ក្នុងករណីនេះ បើនិយាយតាមលក្ខណៈបច្ចេកទេស Edward Snowden ពិតជាមិនបានឈានជើងឆ្លងកាត់ព្រំដែន ទៅក្នុងទឹកដីរុស្ស៊ីពិតមែន។
លោកប្រធានាធិបតីពូទីន ក្រៅពីបានច្រានចោលការចោទប្រកាន់របស់អាមេរិក ដោយចាត់ទុកថាជាការចោទប្រកាន់ផ្តេសផ្តាស ក៏បានអះអាងផងដែរថា លោកចង់ឲ្យ Edward Snowden ធ្វើការសម្រេចចិត្តឲ្យបានឆាប់ៗ ពីទិសដៅចុងក្រោយ ដែលគាត់ចង់រត់ទៅលាក់ខ្លួន។ ក្នុងពេលជាមួយគ្នា លោកប្រធានា ធិបតីរុស្ស៊ីក៏បានបញ្ជាក់ប្រាប់អ្នកកាសែតផងដែរថា Edward Snowden គឺជាមនុស្សមានសេរីភាពពេញលេញ ហើយថា រុស្ស៊ីមិនមានចុះកិច្ចព្រមព្រៀងបត្យាប័នជាមួយនឹងសហរដ្ឋអាមេរិក នោះទេ។
គេឃើញថា នៅពេលនេះ សំណុំរឿង Edward Snowden កំពុងតែក្លាយទៅជាសំណុំរឿងដ៏ចម្រូងចម្រាសផ្នែកការទូត រវាងអាមេរិក និងចិនផង និងរវាងអាមេរិក និងរុស្ស៊ីផង។ អ្នកសង្កេតការណ៍ជាទូទៅយល់ថា ដរាបណាសំណុំរឿង Snowden នេះ នៅតែអូសបន្លាយតទៅទៀត ទំនាក់ទំនង រវាងប្រទេសទាំង ៣នេះ នឹងនៅតែបន្តស្ថិតក្នុងភាពតានតឹងពិបាកនឹងដោះស្រាយ៕ដោយ សេង ឌីណា (RFI)