ឥណ្ឌូណេស៊ី​សុំទោស សិង្ហបុរី និង​ម៉ាឡេស៊ី​ពី​រឿង​ភ្លើង​ឆេះ​ព្រៃ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ចេញមុខ នៅថ្ងៃ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៤ មិថុនា សុំទោស​ដល់​ប្រទេស​ជិតខាង ពី​រឿង​ភ្លើង​ឆេះព្រៃ នៅ​កោះ​សូម៉ាត្រា ដែល​រហូតមកដល់​ថ្ងៃនេះ នៅតែ​អួរអ័ព្ទ​ពេញ​ផ្ទៃមេឃ​ប្រទេស​ម៉ាឡេស៊ីនៅឡើយ។ នៅថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​បញ្ជូន​ប៉ូលិស ទាហាន និង​អ្នកជួយ​សង្រ្គោះ​ប្រមាណ​២ពាន់​នាក់​បន្ថែមទៀត ទៅ​ជួយ​អ្នកពន្លត់​អគ្គិភ័យ ៥០០​នាក់ ដែល​កំពុង​មមាញឹក​នឹង​ពន្លត់​ភ្លើងព្រៃ។

នៅក្នុង ​សន្និសីទ​កាសែត កាលពី​ល្ងាច​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី​បាន​និយាយ​សុំទោស​ដល់​ប្រជាជន​ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​បាន​រងគ្រោះ អស់​មួយ​សប្តាហ៍​ហើយ ដោយសារ​ផ្សែងពុល ដែល​បង្ក​ឡើង​ដោយ​ភ្លើង​ឆេះព្រៃ នៅ​កោះ​ស៊ូម៉ាត្រា របស់​ឥណ្ឌូណេស៊ី។ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានសុំ​ឲ្យ​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ​ យោគយល់ ព្រោះថា ឥណ្ឌូណេស៊ី​ទទួលខុសត្រូវ​លើ​អ្វី​ដែល​កើតឡើង និង​កំពុង​ដុតដៃ ដុតជើង ដើម្បី​ដោះស្រាយ​បញ្ហា។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចេញមុខ​សុំទោស បន្ទាប់ពី​ទំនាក់ទំនង​រវាង​ឥណ្ឌូណេស៊ី ជាមួយ​ប្រទេស​ជិតខាង​បាន​ល្អក់កករ ដោយសារ​តែ​ផ្សែង​បក់​មកពី​កោះស៊ូម៉ាត្រា កំពុង​បំពុល​បរិយាកាស​​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី។

កាលពី​សប្តាហ៍មុន ម៉ាឡេស៊ី​បាន​ចោទ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា មិន​បាន​អើពើ និង​ទទួល​ខុសត្រូវ​ក្នុងរឿង​ផ្សែងពុល​ដែល​បក់​ចូល​គ្របដណ្តប់ នៅម៉ាឡេស៊ី។ ប៉ុន្តែ មន្រ្តី​ខាង​បរិស្ថាន​ឥណ្ឌូណេស៊ី ធ្លាប់​ប្រតិកម្ម​តបវិញថា គឺ​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​ធ្វើជំនួញ​ដាំ​ដើម​ដូងប្រេង នៅ​កោះសូម៉ាត្រា ដែល​ត្រូវ​ទទួលខុសត្រូវ​ក្នុង​រឿង​ភ្លើងឆេះព្រៃ។

ជារៀងរាល់ឆ្នាំ ប្រទេស​ជិតខាង​ឥណ្ឌូណេស៊ី តែងរងគ្រោះ​ដោយ​ផ្សែង​ ដែល​បង្ក​ឡើង​ដោយ​ភ្លើង​ឆេះព្រៃ នៅកោះស៊ូម៉ាត្រា។ ភ្លើង​ឆេះព្រៃ បណ្តាល​មក​ពី ប្រជាជន ឬ​កម្មករ​ដាំដូងប្រេង បាន​ដុត​ចំការ ជាជាង​កាប់ឆ្ការ​រុករាន​ដៃ។ នៅថ្ងៃ​នេះ បន្ទាប់ពី​ប្រធានាធិបតី​បញ្ជា​ឲ្យ​គេ​ស៊ើប​អង្កេត​លើ​រឿង​ភ្លើង​ឆេះព្រៃ ប៉ូលិស​ឥណ្ឌូណេស៊ី បាន​និយាយ​ថា គេចាប់​បាន​បុរស​ពីរនាក់ ដែល​បាន​ដុតភ្លើង ដើម្បី​សម្អាត​ចំការ​របស់​ពួកគេ។ តាម​ប៉ូលិស​ដដែល គេ​នៅ​ប្រើ​យន្តហោះ​ដឹកទឹក​ទៅ​ពន្លត់ភ្លើង។ ហើយ រហូតមកដល់​ថ្ងៃ​អង្គារនេះ គេ​បាន​ពន្លត់​​ភ្លើង​ឆេះ បាន​៦៩​កន្លែង ក្នុង​ចំណោម ភ្លើង​ឆេះសរុប ២៦៥​កន្លែង

នៅថ្ងៃ​នេះដែរ ផ្សែងពុល​នៅបន្ត​គ្រប​ដណ្តប់​ប្រទេស​ម៉ាឡេស៊ី ជាទី​ដែល​ខេត្ត​ពីរ​ត្រូវ​រដ្ឋាភិបាល​ប្រកាស​ដាក់​ក្នុង​ស្ថានភាព​ប្រកាស​ អាសន្ន។ ចំណែក​នៅ​ប្រទេស​សិង្ហបុរី​វិញ បរិយាកាស​បាន​គ្រាន់បើ​ជាង កាលពី​ចុងសប្តាហ៍ ដោយមក​ពី​ខ្យល់​បក់​ផាត់​ផ្លាស់ប្តូរ​ទិសដៅ។ អ្នកជំនាញ​បរិស្ថាន និង​សុខភាព​បាន​វាយតម្លៃថា នៅឆ្នាំនេះ ផ្សែងពុល​បក់មកពី​ឥណ្ឌូណេស៊ី មាន​កម្រិត​ខ្ពស់ ខ្លាំង ជាង ដូចកាលពី​ឆ្នាំ ១៩៩៧ ដែល​នៅពេលនោះ ផ្សែងពុល​បានប៉ះពាល់​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច និង​ទេសចរណ៍ របស់​ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​គិត​ជា​តម្លៃខូចខាត ប្រមាណ ៩ពាន់​លាន​ដុល្លារ៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close