បុគ្គលិកណាហ្គាវើលជាង១០នាក់សន្លប់ ខណៈប៉ះទង្គិចជាមួយសន្តិសុខក្រុមហ៊ុន
Cambodia News
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ មិថុនា យ៉ាងហោចណាស់ បុគ្គលិកជាង១០នាក់ នៅក្រុមហ៊ុនណាហ្គាវើល ដែលបាតុកម្មច្រើនថ្ងៃមកនោះ សន្លប់ និងរបួសដោយសារប៉ះទង្គិចជាមួយសន្តិសុខក្រុមហ៊ុន ខណៈអាជ្ញាធរព្យាយាមហាមឃាត់ពួកគេមិនឲ្យយកឧបករណ៍បំពង សំឡេងចូលទៅខាងមុខក្រុមហ៊ុននេះ។
បុគ្គលិកជិត៧០០នាក់ ព្យាយាមប្រមូលផ្តុំនៅមុខអគារល្បែងដ៏ធំមួយនេះ តែត្រូវសន្តិសុខក្រុមហ៊ុនដាក់របាំងបិទមិនឲ្យពួកគេទៅក្បែរក្រុម ហ៊ុន។ ខណៈនោះ បុគ្គលិកទាំងនោះ បានរុញច្រានសន្តិសុខរហូតបណ្តាលឲ្យបុគ្គលិកជាស្ត្រី ប្រមាណ១០នាក់សន្លប់ របួសឈាមដៃ និងពកក្បាល។
បុគ្គលិកណាហ្គាវើល បានបាតុកម្មដោយអហិង្សានៅមុខក្រុមហ៊ុននេះជាង១០ថ្ងៃមកហើយ ដើម្បីទាមទារឲ្យក្រុមហ៊ុនល្បែង ដែលចំណេញរាប់លានដុល្លារក្នុងមួយឆ្នាំៗនោះ គោរពតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសុំដំឡើងប្រាក់ខែគោលឲ្យបានយ៉ាងតិច១៥០ដុល្លារ។
អនុប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា បាតុកម្មរបស់បុគ្គលិកនេះមិនខុសច្បាប់ទេ ដោយសារក្រុមហ៊ុនមិនគោរពច្បាប់។ លោកថា ក្រៅពីនោះក្រុមហ៊ុននេះ មិនបានប្តឹងទាស់ទៅតុលាការពីករណីនេះនោះទេ តែលោកមិនដឹងថា ក្រុមហ៊ុននេះមានអំណាចអ្វីបានជាអាជ្ញាធរមិនហ៊ានអន្តរាគមន៍។
តុលាការបានចេញដីកាបង្គាប់ឲ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ចូលធ្វើការវិញ ក្រោយពីផ្ទុះបាតុកម្មទ្រង់ទ្រាយធំ តែក្រោយមកក្រុមហ៊ុនល្បែងនេះ បានបញ្ឈប់បុគ្គលិកប្រមាណ៥០០នាក់៕