លោក ខៀវ កាញារីទ្ធ បំពាក់ឯកសណ្ឋានកាកបាទក្រហមកម្ពុជាដល់សិស្សពិការភ្នែក និងគថ្លង់
Cambodia News
កំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែមិថុនា យុវសិស្សនៃសាលាកុមារពិការភ្នែក និងគ-ថ្លង់ខេត្តកំពង់ចាមរបស់អង្គការ គ្រួសារថ្មីចំនួន ៣០នាក់ ដែលបានជ្រើសរើសជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីប្រកាសទទួលស្គាល់ និងបំពាក់ឯកសណ្ឋាន ក្រោមអធិបតីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធបានជម្រុញលើក ទឹកចិត្តដល់យុវជនកាកបាទក្រហមទាំងអស់ត្រូវធ្វើយ៉ាងណាអោយក្លាយជា សិស្សល្អ មាន អត្តចរិកប្រពៃថ្លៃថ្នូរ មានមេត្តាធម៌ក្នុងខ្លួនជានិច្ច ទើបយើងក្លាយជាអ្នកផ្តល់សេវាសង្គ្រោះ ទូទៅជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ទោះជាចាស់ ឬក្មេង មានក្រ ក៏ដោយត្រូវជួយគ្នា ក្នុងខណៈពេលជួបបញ្ហា ដោយគ្រោះធម្មជាតិ ជាយថាហេតុ ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីការផ្តល់សេវាសាធារណៈ សេវាសុខាភិបាល សង្គ្រោះ និងសេវាផ្សេងៗ តាមគោលការណ៏កាកបាទក្រហមកម្ពុជា គឺក្មួយៗយុវជនត្រូវខិតខំសិក្សារៀសូត្រ ធ្វើយ៉ាង ណាក្លាយជាសិស្សល្អ សិស្សពូកែ ក្លាយជាពលរដ្ឋ ដែលមានតំលៃសម្រាប់សង្គមជាតិ នាពេលអនាគត៕