អ្នកសុំទាន ចាក់សម្លាប់ នាយកសាលាបឋម សិក្សាទួលស្លែង
Cambodia News
ភ្នំពេញ៖ កាលពីម៉ោង ២ និង ៥៥ នាទីរសៀលថ្ងៃទី២៣ ខែមិថុនាអ្នកសុំទានម្នាក់ បានចាក់សម្លាប់ នាយកសាលាបឋមសិក្សាទួលស្លែង ព្រោះខឹងលោកនាយក ដេញមិនឲ្យសុំទាននៅទល់ មុខសាលាបឋមសិក្សាទួលស្លែង ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
លោកនាយកសាលា ដែលស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោមចុងកាំបិតអ្នកសុំទានមានឈ្មោះ ស្រ៊ី ឆៃគីម អាយុ ៦៣ឆ្នាំ។ ចំណែកជនល្មើសជាអ្នកសុំទាន មានឈ្មោះ សំ ជៀន ភេទប្រុស អាយុ ៤០ ឆ្នាំ មាន ស្រុកកំណើតនៅផ្ទះលេខ ១៦២ ភូមិភ្លៅ ឃុំព្រៃឈរ ស្រុកកំពងត្របែក ខេត្តព្រៃវែង។
ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ លោកនាយក ស្រ៊ី ឆៃគីម បានដើរមកខាងក្រៅសាលា ឃើញជនល្មើស សំ ជៀន កំពុងដើរសុំទានសិស្ស សាលា នៅមុខសាលា នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ជិតសាលារៀននោះ លោកនាយកបានទៅនិយាយណែនាំ បុរសសុំទានកុំឲ្យមកប្រព្រឹត្តសកម្មភាពនេះ នៅមុខក្មេងៗ ជាសិស្សសាលា នឹងបាននិយាយថា រូបរាងកាយរឹងមាំ ប៉ុណ្ណឹងដែរ ហេតុអ្វីមិនទៅរកការងារ ចាំបាច់មកដើរសុំទានបែបនេះ។
គ្រាន់តែបានឮសម្តីរបស់លោកនាយកសាលាប្រាប់ដូច្នេះ បុរសសុំទាន សំ ជៀន ខឹងសម្បាយ៉ាងខ្លាំង សម្រេចដក កូនកាំបិតពីក្នុងកាបូបស្ពាយស្ទុះមកចាក់នាយកសាលា ចំក្រោមឃ្លៀកមួយកាំបិតបណ្តាលឲ្យលោកនាយករងរបួស ធ្ងន់ធ្ងរ ហូរឈាមស្រោចពេញខ្លួន និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ចំណែកជនល្មើស ត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ តាមចាប់ឃាត់ខ្លួន បានយកទៅ កាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ និងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ហេង នាង