ក្រសួងមហផ្ទៃ ឲ្យបក្សនយោបាយ គោរពច្បាប់ចរាចរណ៏ ពេលដង្ហែក្បួន
Cambodia News
ភ្នំពេញ៖ ដោយយល់ឃើញថា ការដង្ហែក្បួនរបស់ក្រុមអ្នកគាំទ្រគណបក្សនយោបាយ កាលពីពេលឃោនាកន្លងទៅ ពុំបានគោរពត្រឹមត្រូវតាមច្បាប់ចរាចរណ៏ផ្លូវគោក ដែលបណ្ដាលឲ្យ កកស្ទះហើយជាញយដងកើតមានគ្រោះថ្នាក់ចរាចរណ៏នោះ ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំដល់បណ្ដាបក្សនយោបាយ ឲ្យគោរពច្បាប់ចរាចរណ៏ ពេលដង្ហែក្បួនឃោសនា ខណៈដែលការឃោសនា ស្វែងរកសម្លេង សម្រាប់ការបោះឆ្នោតជាតិថ្ងៃទី ២៨ កក្កដា កាន់តែខិតជិតមកដល់ហើយនោះ ។
យោងតាមសេចក្ដីជូនដំណឹងលេខ ១០១៣ ស.ជ.ណ ដែលចុះហត្ថលេខាដោយលោក ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង កាលពីថ្ងៃទី ១១ មិថុនា ឆ្នាំ ២០១៣ហើយដែលត្រូវបានគេឲ្យអ្នកកាសែតដឹងនាថ្ងៃទី២២ មិថុនា នេះ បានឲ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរឡើង និង បង្ការគ្រោះថ្នាក់ចរាចរណ៍ នាឱកាសយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥នៅពេលខាងមុខ ក្រសួងមហាផ្ទៃសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ សូមណែនាំដល់អ្នកគាំទ្រ ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកគ្រប់ពេល និង គ្រប់ផ្លូវសាធារណៈដែលត្រូវដង្ហែក្បួន ។
យោងតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតិឲ្យគណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជី ប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី ២៨ កក្កដា ខាងមុខ បើកយុទ្ធនាការឃោសនា ស្វែងរកសម្លេងគាំទ្ររយៈពេល១ ខែ ដោយផ្ដើមចាប់ពីថ្ងៃទី ២៧ ខែ មិថុនា នេះទៅ ៕