គណ​បក្ស​ប្រឆាំង​ សង្ស័យ​ពី​ការ​បោះ​សន្លឹក​ឆ្នោត​ច្រើន​លើស​កំណត់​

Cambodia News

ភ្នំ​ពេញ​៖ ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌​មាន កាលពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​នេះ​ថា ការ​បោះ​​សន្លឹក​ឆ្នោត​​ដល់​​ជាង​ ១២,៦​លាន​​សន្លឹក ខណៈ​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​​ប្រមាណ ៩,៦​​លាន​​នាក់​​នោះ​ គឺជា​រឿង​គួរឲ្យ​សង្ស័យ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា​ បាន​លើ​ឡើ​ងថា ការបោះ​សន្លឹកឆ្នោត​លើស​ចំនួន​អ្នក​បោះឆ្នោត​នោះ ​ដើម្បី​ទុក​បម្រុងក្រែង​មាន​ការ​ខូច​ ដោយ​ប្រកាស​ណាមួយ​ ដែល​ត្រូវការ​សន្លឹកឆ្នោត​ជំនួស​ជា​បន្ទាន់​។ ​

លោក​ថា​ ​ការបោះ​សន្លឹក​ឆ្នោត​នេះ​ ធ្វើ​តាម​រូបមន្ត ការអនុវត្ត ការគ្រប់គ្រង បែងចែក និង​ការប្រើប្រាស់​ដូច​អ្វី​ដែល​ធ្លាប់ប្រើប្រាស់ កាលពី​ឆ្នាំ​២០០៣ ហើយ​រហូត​មកដល់​​ឆ្នាំ​២០១៣​នេះ​ គឺ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ។

លោក ទេព នីថា បន្ត​ថា តាម​បច្ចេកទេស​​ត្រូវ​​មាន​​សន្លឹក​​ឆ្នោត​​បម្រុង​ ដែល​​រក្សា​​ទុក្ខ​​នៅ​តាម​​ថ្នាក់​​ខេត្ត គឺ​មួយ​ឃុំ​សង្កាត់​មាន​សន្លឹក​ឆ្នោត​​​បម្រុង​ ៧៥០​សន្លឹក ​សម្រាប់​មួយ​ការិយាល័យ​។

​នាយក​ប្រតិ​ប​ត្ដិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ និច​ហ្វ្រិ​ច លោក ហង្ស ពុទ្ធា យល់ថា ​ការសង្ស័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​វា​ជា​រឿង​មួយ​ ប៉ុន្តែ​បញ្ហា​សំខាន់​ការ​ទួល​ខុស​ត្រូវរ​បស់ គ.ជ.ប លើ​ការ​គ្រប់គ្រង និង​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ៕

សូមបញ្ជាក់​ថា សន្លឹកឆ្នោត​ដែល គ.ជ.ប​ បាន​បោះ​សម្រាប់​អាណត្តិ​ទី​៥​នេះ មាន​ជាង​១២​លាន​៦​សែន​សន្លឹក ខណៈ​អ្នក​បោះ​ឆ្នោត​​​​មាន ៩​លាន​៦​សែន​នាក់ ពោល​លើស​៣​លាន​សន្លឹក​៕

Related Articles

Back to top button
Close
Close