ផន សុផារី កើតចេញពីត្រកូលអ្នកលេងល្ខោនបាសាក់
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ ជារាងរាល់ពេលល្ងាច ថ្ងៃសុក្រ យើងតែងតែឃើញវត្តមាន ក្រុមកប្លែងនាយគ្រឿន ឡើងសម្តែងជារាងរាល់សប្តាហ៌ ហើយអ្វី ដែលធ្វើឪ្យទស្សនិកជន ចាប់អារម្មណ៌ជាងគេនោះគឺ តារាកំប្លែងស្រីវ័យក្មេងសាច់សខ្ចីនៅក្នុងក្រុម នាយគ្រឿន នោះគឺកញ្ញា ផន សុផារី។
ពេលនេះនាងកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ដែលនិយមចូលចិត្តទស្សនារឿងកំប្លែងក្នុងកម្មវិធីតន្រ្តី My TV ។ ជាការពិតណាស់គេធ្លាប់ឃើញ ក្រុមកំប្លែងជាច្រើន ដែលមានតារាកំប្លែង ស្រីច្រើននាក់ ដោយឡែកមានតែ ក្រុមកំប្លែង នាយគ្រឿនមួយប៉ុណ្ណោះ មានតារាកំប្លែងស្រីតែម្នាក់គត់។
តែទោះជាយ៉ាងណា ក៏ក្រុមរបស់ពួកគេនេះបានញ៉ាំង ឲ្យមានភាពសប្បាយរីករាយ ដល់ទស្សនិកជន ដែលនិយមតាមដានទស្សនា មិនឲ្យខកបំណងឡើយ។ បើនិយាយពីទឹកមុខ និងការសម្តែងរបស់ ផន សុផារី គឺនាងពូកែធ្វើ មុខក្រមិចក្រមើម ហើយការនិយាយហាក់បីដូចជា មានទេពកោសល្យខាង កំប្លែងតែម្តង ទោះបីជានាងទើបតែប្រឡូកចូលវិស័យសិល្បះក៏ដោយ។
កញ្ញា ផន សុផារី បានប្រឡូកនៅក្នុងវិស័យសិល្បះអស់រយះពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនាងពុំត្រូវបានគេចាប់អារម្មណ៌នោះទេ ទើបតែពេលដែលនាងលេចមុខមកសម្តែងនៅក្នុងក្រុមកប្លែងនាយគ្រឿន រូបនាងក៏ត្រូវបានទស្សនិកជនជាងច្រើនចាប់អារម្មណ៌ពីទេពកោសល្យ និងរូបសម្ផស្សរបស់នាងតែម្តង។
ទស្សនិកជនមួយចំនួនប្រហែលជាកំពុងតែមានការងឿងឆ្ងល់ថា តើតារាកំប្លែងស្រីស្រស់រូបនេះមានប្រភពចេញពីទីណាមកនោះទេ ដោយមានអ្នកខ្លះនិយាយថានាង មានប្រភពចេញពីកូនអ្នកស្រែចំការ អ្នកខ្លះទៀតនិយាយថា កាលពីមុននាងជាអ្នកអនាម័យនៅស្ថានីទូរទស្សន៌ CTN តែដោយសារនាងមានទេពកោសល្យល្អ ក៏ត្រូវបានគេណែនាំឪ្យចូលសម្តែងជាមួយក្រុមនាងគ្រឿន។
ផន សុផារី នាងមានស្រុកកំណើតនៅឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាងមានប្រភពកើតចេញពីត្រកូល ជាអ្នកលេងល្ខោនដ៏ល្បីមួយរូបប្រចាំខេត្តតាកែវនោះគឺ ក្រុមសម្តែងល្ខោនបាសាក់ វង់ ភី សុគន្ធី ដែលឈ្មោះវង់ភី សុគន្ធីនេះជាឈ្មោះឪពុកម្តាយនាង គឺឪពុកឈ្មោះ ផន សុភី ចំណែកឯម្តាយឈ្មោះ សួង សុគន្ធី ហើយនាងមានបងប្អូចចំនូន៤នាក់ ស្រី៣ ប្រុស ១ នាងគឺជាកូនទី២នៅក្នុងគ្រួសារ មិនដូចជាពារចចាមអារាមថា នាងមានប្រភពពីអ្នកស្រែចំការឫក៏អ្នកអនាម័យនោះទេ។
តារាកំប្លែងរូបេនះបានឪ្យដឹងទៀតថា ដោយសារតែរូបនាងជាកូន អ្នកល្ខោនបាសាក់នាងក៏ចាប់ផ្តើមចេះច្រៀងនិងសម្តែងតាំងពី នាងអាយុ៣ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ។ ហើយពេលនេះរូបនាងបានទទួលចំណេះដឹងជាច្រើនពី ឪពុកម្តាយ និងលោកគ្រូអ្នកគ្រួរបស់នាង ដែលមានដូចជា ច្រៀងបទប្រពៃណីបុរាណ យីកេ បាសាក់ របាំរាជទ្រព្យ និងបទចម្រៀងសម័យជាដើម ហើយពេលបេះនាងក៏កំពុងតែហាត់រៀនផ្នែកចំម្រៀងអាយ៉ៃ បន្ថែមទៀតផងដែរ ពីពិធីករ ដល់លេចធ្លោយ និងពូកែវហាដល់សំបូរបែបគឺ លោក ដួង សុគា។ ជាពិសេស ពេលទំនេរពីការសិក្សា និងការសម្តែងផ្សេងនាងក៏ត្រូវបានគេទាក់ទងឪ្យទៅ ច្រៀងបទប្រពៃណីនៅក្នុងពីធីមង្គលការផងដែរ។
កញ្ញា ផន សុផារី ក៏បានរំលឹងទៀតផងដែរថា តាមពិតទៅពីដំបូងនាងមិនបានដឹងខ្លួនមុនទេថានាងមានឪកាសនិងមានវាសនាក្លាយជាតារាកំប្លែងនោះ គឺព្រោះតែនាងគឺជា អ្នកល្ខោន តែមានថ្ងៃមួយរូបនាងក៏បានទៅសម្តែងជាមួយក្រុមល្ខោនបាសាក់របស់ឪពុកម្តាយនាងនៅស្ថានីយ៌CTNក្នុងកម្មវិធី សុគា លក្ខណា បីអាជី ។ ក្រោយមកលោក សុវណ្ណរិទ្ធី ហៅលោកតាវ៉ីចទ័រ ក៏បានទានក់ទងឪ្យរូបនាងចូលមកសម្តែង ហើយនាងក៏បានក្លាយជាតារាកំប្លែងរហូតមកដល់ពេលនេះ។
ស្រីតូចច្រឡឹងរូបនេះបានឪ្យដឹងលើសពីនេះទៀតថា កន្លងមកមិត្តភក្តិរបស់នាងជាច្រើនបានសួរមករូបនាងថា នាងនៅក្មេងសោះ ហេតុអ្វីបានជាមិនចាប់យកអាជីពជាតារាសម្តែងសម័យ តារាចម្រៀងសម័យ ម៉េចក៏មកចាប់យកអាជីពជាអ្នកកប្លែង និងចម្រៀង ប្រពៃណីបុរាណទៅវិញនោះ ចំនុចនេះនាងចង់ប្រាប់ថា មិនថាតែចម្រៀងសម័យឫក៏បុរាណនោះទេគឺនាងស្រឡាញ់ទាំងអស់ សំខាន់ឪ្យតែជាសិល្បះខ្មែរ គ្រាន់តែថាពេលនេះនាងមិនទាន់មានឪកាសចាប់យកអាជីពជាអ្នកសិល្បះសម័យឪ្យបានច្បាស់លាស់ ដូចសិល្បះបុរាណនៅឡើយ តែបើឪកាសហុចឪ្យពេលណានាងនឹងខំប្រឹងឪ្យអស់ពីលិទ្ធភាពតែម្តង។
ទាន់ទងទៅនឹងរឿងស្នេហាវិញ ស្ថិតនៅក្នុងវ័យ១៨ឆ្នាំនេះ នាងបានបញ្ចាក់ថា នាងមិនទានគិតទេ ទោះប្បីជាមានគេទាក់ទងមកច្រើនក៏ដោយ សំខាន់ពេលនេះ នាងខំប្រឹងសំរេចសេចក្តីបំណងរបស់នាងនឹងឪពុកម្តាយនាងជាមុនសិន គឺធ្វើយ៉ាងណាឪ្យខ្លួនឯងខ្ពងខ្ពស់ជាងនេះសិន ចំណែកឯរឿងស្នេហាគឺទុកពេលក្រោយ៕ ស.រ