ធាតុវិទ្យុសកម្ម បានកើនឡើងហួសកម្រិតក្នុងទឹកក្រោមដីនៅ Fukushima
គេ បានរកឃើញមានសារជាតិពុលខ្លាំង បំផុត ដោយហួសកម្រិតសុវត្ថិភាព នៅក្នុងទឹកក្រោមដីនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនថាមពលអគ្គីសនីជប៉ុន កាលពីព្រឹកមិញ។ ហើយក្នុងខណៈពេលដែលបទដ្ឋានសុវត្ថិភាពនុយក្លេអ៊ែររបស់អាជ្ញាធរ ជប៉ុន នឹងចូលជាធរមាននៅថ្ងៃទី ៨ កក្កដា។
នៅក្នុងទឹកក្រោមដី របស់មជ្ឈមណ្ឌលផលិតថាមពលនុយក្លេអ៊ែរ ជប៉ុន ដែលកំពុងតែ ជុសជុល ត្រូវបាន គេរកឃើញមានសារជាតិពុល លើសកម្រិតសុវត្តភាព រហូតដល់៣០ដង បើប្រៀបធៀបទៅនឹងការរកឃើញកន្លងទៅ
នេះជាការរកឃើញថ្មីមួយ របស់ភ្នាក់ងារការពារសុវត្ថិភាពបរិស្ថានរបស់អាមេរិក ដែលក្រុមខាងលើ បានចូលមកជួយការងារសុវត្ថិភាព នុយក្លេអ៊ែរបន្ទាប់ពីមានគ្រោះថ្នាក់ស៊ូណាមី។ តែទោះជាយ៉ាងណា ក្រុមហ៊ុនបានអះអាងថា ទឹកក្រោមដី ដែលមានជាតិពុលនោះ មិនបានរីកសាយភាយ ទៅដល់ទឹកសមុទ្រឡើយ។
ក្រុមអ្នកជំនាញបានយល់ថា ផលប៉ះពាល់នេះ អាចបណ្តាលមកពីមុន ខាងក្រុមថាមពលអគ្គីសនីជប៉ុន Tepco បានប្រើប្រាស់ទឹកសមុទ្របាញ់ដើម្បីបន្ថយកម្ដៅ របស់ម៉ាស៊ីនប្រតិករ ដែលកំពុងរងការខូចខាត។ កាលនោះ ដោយសារតែខ្វះខាតកន្លែងស្តុក បានបណ្តាលឱ្យជាតិពុលទាំងនោះបែកសាយភាយទៅ ក្នុងដីនៃបរិវេណមជ្ឈមណ្ឌល។ អ្នកជំនាញពន្យល់ថា សារធាតិពុលដែលមានកម្រិតយ៉ាងខ្លាំងនេះ គឺដោយជាសារជាតិ អ៊ុយរ៉ានីយ៉ូម និង ភ្លុយតូនីយ៉ូម ចូលលាយឡំគ្នា ក្នុងម៉ាស៊ីនប្រតិករ។
ទាំងនេះ វាបានបន្ថែមភាពស្មុគស្មាញ ដល់អាជ្ញាធរជប៉ុនបន្ថែមទៀត ក្នុងការចាត់វិធានការពារ ដោយក្នុងខណៈនេះដែរ អាជ្ញាធរជប៉ុន ទើបតែបានសម្រេចពន្លឿន ការដាក់ឱ្យដំណើរការប្រព័ន្ធសុវត្ថិភាពថ្មី សម្រាប់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ កាលពីថ្ងៃពុធ ទី១៩ មិថុនា។
អាជ្ញាធរបានអនុម័តយកនៅថ្ងៃទី៨ កក្កដាខាងមុខនេះ គឺមុនកាលគ្រោងទុក ចំនួន ១០ថ្ងៃ។ ក្រុមហ៊ុនចង់ដាក់ឱ្យដំណើរការឡើងវិញនូវ ម៉ាស៊ីនប្រតិករចំនួន៤៨ ដែលបានបិទក្នុងចំណោម៥០ បន្ទាប់ពីគ្រោះមហន្តរាយ ស៊ូណាមិ កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០១១។ តែបើទោះជាយ៉ាងណា គេរង់ចាំ មើលការសម្រេចអនុម័ត ជាចុងក្រោយ ឱ្យប្រើប្រាស់ជាផ្លូវការ ពីសំណាក់ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា បទដ្ឋានសុវត្ថិភាពថ្មី ដែលក្រុមហ៊ុនត្រៀមនោះ គឺមានដូចជា ការបំពាក់ប្រព័ន្ធស្រោចទឹក ឱ្យបានច្រើនជាងមុន ក្នុងករណីឡើងកម្ដៅ ប្រព័ន្ធការពារគ្រោះធម្មជាតិ ដូចជាស៊ូណាមី និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត ដើម្បីជៀសវាង គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដូចពេលកន្លងទៅជា ឧទាហរណ៍ស្រាប់៕ ដោយ ជា ប៊ុនធឿន (RFI)