ក្រសួងព័ត៌មានប្រកាសបើកមហោស្រពតន្ត្រី និងចម្រៀងកុមារជាលើកដំបូង
នៅព្រឹកថ្ងៃទី២៦ មេសា ២០១២ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីភាពបើកមហោស្រពតន្រ្តី និងចម្រៀងកុមារជាលើកដំបូងនៅកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦៣ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១២ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ គឺជាការប្រឡងសមត្ថភាពកុមារកម្ពុជា ក្នុងការច្រៀង និងសម្ដែងទៅតាមបទភ្លេង និងទំនុកច្រៀង ដែលរៀបចំតាក់តែងដោយគ្រូតូរ្យតន្ត្រី ស្ដីពីសិទ្ធិរបស់កុមារ ការលុបបំបាត់ការកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន តម្លៃនៃចំណេះវិជ្ជា សុជីវធម៌ និងសីលធម៌សង្គម ការគោរពឪពុកម្ដាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ និងអ្នកដែលនៅជុំវិញខ្លួន។
មហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងដំណើរការរយៈពេលពីរសប្ដាហ៍គិតចាប់ពីថ្ងៃទី១៥ ឧសភាតទៅ។ កុមារចូលរួមប្រឡងត្រូវមានអាយុក្រោម ១៦ឆ្នាំ ត្រូវមានបទភ្លេង និងទំនុកច្រៀងចំនួន ២បទ ក្នុងនោះ មានចម្រៀងទោល ១បទ និងចម្រៀងជាពួក ១បទ រីឯបទភ្លេង និងទំនុកច្រៀងត្រូវនិពន្ធតាមបែបតន្ត្រី និងចម្រៀងសម័យ។ សម្រាប់ពានរង្វាន់ជ័យលាភីលេខបី ទទួលបាន ៥០០ដុល្លារ លេខពីរ ៨០០ដុល្លារ និងលេខមួយ ទទួលបាន ១.៥០០ ដុល្លារ៕