លោក ខៀវ កាញារីទ្ធ៖ សារព័ត៌មាន និងវិទ្យុក្នុងស្រុកខ្លះ មានលក្ខណៈនយោបាយ
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសម្ពោធការបង្កើនម៉ោងផ្សាយរបស់វិទ្យុបារាំង អន្តរជាតិ(RFI) នៅថ្ងៃទី២០ មិថុនា នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សារព័ត៌មាន និងវិទ្យុឯករាជ្យមួយចំនួនក្នុងស្រុក ភាគច្រើនផ្សព្វផ្សាយព័ត៌មាន ជាលក្ខណៈនយោបាយ។

របាយការណ៍របស់អង្គការយូណេស្កូ(UNESCO) ស្តីពីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានបញ្ជាក់ថា វិទ្យុដែលផ្សាយព័ត៌មានឯករាជ្យ គឺមានវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិកVOA និងវិទ្យុសំឡេងប្រជាធិបតេយ្យVOD។
ចំណែករបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វ្រែល រកឃើញថា ក្រៅពីវិទ្យុទាំងបីខាងលើនេះ មានវិទ្យុឯករាជ្យចំនួនពីរទៀត គឺវិទ្យុបារាំងអន្តរជាតិ និងវិទ្យុសំបុកឃ្មុំរបស់ លោក ម៉ម សូណង់ដូ។
ជាមួយគ្នានេះ របាយការណ៍សិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១២ របស់សហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៣ រាល់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបានត្រួតត្រា ឬទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីគណបក្សប្រជាជនជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៕