ហ៊ុន សែន ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ កឹម សុខា
Cambodia News
ខេត្តកណ្តាល៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ មុនការបោះឆ្នោត លើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលលោកសំដៅទៅរកលោក កឹម សុខា ដោយសាររឿងចោទគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងករណីទាំងឡាយណាប្រឆាំងនឹងតំណាងរាស្ត្រគណបក្សមួយនេះ ។
ក្នុងពិធីសម្ពោធអគារសិក្សាក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៩ មិថុនា លោកនាយករដ្ឋមន្ត្រី ថ្លែងថា មិនគួរមានការចោទប្រកាន់ថា គណបក្សកាន់អំណាច រៀបចំផែនការនៅពីក្រោយខ្នង ករណីទាក់ទងនឹងការប្តឹងរបស់ជនរងគ្រោះនៅគុកទួលស្លែង គឺ លោក ជុំ ម៉ី ករណីរុញច្រានម្តាយអ្នកស្រី កែវ សុផាន់ណារី ដែលត្រូវបានអះអាងថា ជាភរិយាចុងលោក កឹម សុខា និងករណីជាមួយប្រពន្ធចុងផ្ទាល់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បញ្ញារិទ្ធិ ពន្យល់ថា ការដាក់ពាក្យបណ្តឹងទៅតុលាការ គឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិ មិនមានការព្រួយបារម្ភពីការប្តឹងនោះទេ សំខាន់តុលាការឯករាជ្យ ឈរលើភាពអព្យាក្រឹត្យរបស់ខ្លួន ៕