អូបាម៉ា ព្រមាន​ទីក្រុង​ប៉េកាំង ទាក់ទង​នឹង​ចោរ​លួច​ព័ត៌មាន​វិទ្យា

ភាព​តានតឹង​រវាង សហរដ្ឋ​អាមេរិក​និង​ចិន​មិន​បាន​ធូរ​ស្បើយ​ឡើយ​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ តែ​ផ្ទុយ​ទៅ​វិញ វា​កាន់តែ​ឡើង​​កម្ដៅ​ខ្លាំង​ជា​មុន​ទៀត។ គឺ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ និង​ការ​លួច​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធែនែត។ លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ពាក្យ​សំដី​ចំៗ​តែម្តង ទៅ​លើ​ប្រទេស​ចិន​ថា​កំពុង​តែ​ធ្វើ​ឱ្យ​​ចំណង​រវាង​ប្រទេស​ទាំង​ពីរ​ ប្រេះឆា។

លោក ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ បាន​បង្ហាញ​ពីជំហរ​របស់​ខ្លួន​ថា ចិន​ពិត​ជា​បាន​យល់​ច្បាស់​ណាស់ អំពី​ការ​ពិភាក្សា​គ្នា រវាង​អាមេរិក-ចិន ទាក់ទង​នឹង​សំណុំ​រឿង​ចោរ​លួច​ព័ត៌មាន​វិទ្យា។ ហើយ​ប្រសិន​ចិន​នៅ​តែ​មាន​ចេតនា មិន​យល់​អំពី​បញ្ហា​នេះ វានឹង​ធ្វើ​ឱ្យ ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ នឹង​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​ទៅៗ។ នេះ​បើ​តាម ប្រកាស​របស់​លោក តាម​ទូរទស្សន៍​រដ្ឋ​មួយ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ។
នៅ​ក្នុង​ការ​ប្រកាស​នោះ​លោក អូបាម៉ា​បាន​រម្លឹក​ឡើង​វិញ​អំពី ប្រធានបទ ​ខាងលើ​ដែល​រូប​លោក បាន​ពិភាក្សា​ផ្ទាល់ ជា​មួយ​ថ្នាក់នាំ​ចិន កាល​ពី​ដើម​ខែ មិថុនា។ ​ដែល​កាល​នោះ​លោក ស៊ី ជីងពីង​បាន​អះអាង​ថា ចិន ក៏​ជា​ជន​រង់គ្រោះ​មួយ​រូប​ដែរ។

ដោយ​មិន​បង្អង់​យូរ​លោក អូបាម៉ា បាន​និយាយ​ដោយ​ចំៗ​ថា អាមេរិក​រង់ចាំមើល ចិន​សារភាព នូវអ្វី​ដែល​ចិនខ្លួន​ឯង​បាន​ប៉ុនប៉ង់​មកលើក្រុមហ៊ុន Apple។ លោក​បន្ថែម​ការ​វាយ​ប្រហារ​ខ្លាំងៗ​ថា ចិន​កំពុង​តែ​ប្រព្រឹត្ត​កំហុស​យ៉ាង​ធ្ងន់ធ្ងរ ដោយហួស​ព្រំដែន​កំណត់។ គឺចិន​ថែម​ទាំង​បាន​ប៉ុនប៉ង់​រហូត​ដល់​ចង់​លួច​ស្តាប់ ការ​ពិភាក្សា​នានា​របស់ អាមេរិក​និងជប៉ុន​ផងដែរ។

លោក អូបាម៉ា​បន្ត​លើក​ឡើង​ថា ថ្មីៗ​នេះ អាមេរិក បាន​រក​ឃើញ មាន​ចោរ​ព័ត៌មានវិទ្យា ដែល​មាន​ប្រភព​ចេញ​ពី​រដ្ឋាភិបាល និងក្រុម​យោធារ​របស់ចិនផ្ទាល់ កំពុងតែ ចូលទៅ ក្នុង​ប្រព័ន្ធ​​កំព្យុទ័រ​មេ​របស់​ក្រុមហ៊ុន Apple ដោយ​​ព្យាយាម​រកមើល នូវ​បច្ចេកវិទ្យា​ថ្មីៗ​របស់​ក្រុមហ៊ុន​ខាងលើ។ នេះ​ជា​អ្វី​ដែល​ ថ្នាក់ដឹកនាំ​អាមេរិក​ថា​ជា​ចោរ​ពិតប្រាកដ ដែល​ជា​ទង្វើ​មួយ​មិន​អាច​លើកលែង​បាន។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ដោយ​រដ្ឋាភិបាល​អាមេរិក កាល​ពី​ថ្មីៗ​នេះ បញ្ជាក់​ថា ចិន​បាន​ចូលលួច ស្នាដែ​កម្មសិទ្ធិបញ្ញា​ផ្សេងៗ ជា​ច្រើន​របស់​អាមេរិក។ បើ​គិត​ជា​ទឹកប្រាក់ គឺ​បាន​ធ្វើ​ឱ្យ​អាមេរិក​ខាតបង់​រហូត​ដល់​រាប់​សិប​ពាន់​លាន​ដុល្លាអាមេរិក​ ក្នុង​១ឆ្នាំៗ។

បើ​តាម​ការ​អះអាង​របស់​មន្ទីរ​បញ្ចកោណ ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​របស់​ចិន ​លួច​ចូល​បាន​សម្រេច​ម្តង​ទៅ​ហើយ ក្នុង​ប្រព័ទ្ធ​ផ្ទុក​ទិន្នន័យ​របស់​ក្រុម​យោធារ​អាមេរិក៕ ដោយ ជា ប៊ុនធឿន (RFI)

 

Related Articles

Back to top button
Close
Close