ប្រធានាធិបតីអ៊ីរ៉ង់ថ្មីមិនប្តូរជំហរពីរឿងនុយក្លេអ៊ែរ
ប្រធានាធិបតីថ្មីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានីបានប្រាប់ទៅប្រទេសលោកខាងលិចឲ្យទទួលស្គាល់សិទ្ធិមាន កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នៅល្ងាច ថ្ងៃចន្ទ ទី ១៧ មិថុនា គឺនៅក្នុងសន្និសីទកាសែតលើកទីមួយ បន្ទាប់ពីបានជាប់ ឆ្នោត ជាប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានីបានប្រកាសប្រឆាំងដាច់ខាត មិនឲ្យគេបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោត លោក ហាសាន រ៉ូហានីធ្លាប់បានសន្យាថា ក្នុងការចរចាជាមួយប្រទេសលោកខាងលិចស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ លោកនឹងធ្វើនយោបាយទន់ភ្លន់ជាងមុន។ នយោបាយទន់ភ្លន់មិនមែនមានន័យថា លោកយល់ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ទៅតាមប្រទេសលោកខាងលិចទេ។ ប្រទេសលោកខាងលិចដែលនៅតែសង្ស័យថា អ៊ីរ៉ង់កំពុងលួចចម្រើនធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរយោធា។
តាមលោកប្រធានាធិបតីអ៊ីរ៉ង់ថ្មី ការទាមទាររបស់បស្ចិមបទេសឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីចម្រើនធាតុ អ៊ុយរ៉ានីញ៉ូមនោះ ហួសសម័យទៅហើយ។ បើតាមលោក ហាសាន រ៉ូហានី អ៊ីរ៉ង់មានវិធីសាស្រ្តជាច្រើន ដើម្បីបញ្ចុះបញ្ចូលឲ្យប្រទេសលោកខាងលិចទុកចិត្តលើអ៊ីរ៉ង់ជាថ្មី។ ដំបូងគេ គឺអ៊ីរ៉ង់នឹងធ្វើការងារប្រកបដោយតម្លាភាព ដើម្បីបង្ហាញថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ធ្វើឡើងដើម្បីផលិតថាមពលអគ្គិសនី គឺសមស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ។
តាមគោលគំនិតនេះ លោកប្រធានាធិបតី ហាសាន រ៉ូហានី ចង់ឲ្យមានការចរចា៦ភាគីឡើងវិញ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ ប៉ុន្តែ មិនមែនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ។ “ការដាក់ទណ្ឌកម្មទាំងនោះមិនយុត្តិធម៌ និង គ្មានមូលដ្ឋានច្បាស់លាស់។ ប្រជាជនអ៊ីរ៉ង់គ្មានកំហុសទេ ហើយ កម្មវិធីនុយក្លេអ៊ែររបស់យើង ក៏ត្រឹមត្រូវតាមច្បាប់ដែរ។ ការដាក់ទណ្ឌកម្មកន្លងមក គឺបានប្រយោជន៍ច្រើនទៅខាងក្រុមប្រទេសលោកខាងលិច និងប្រទេសអ៊ីស្រាអែល”។ នេះជាការថ្លែងរបស់លោកហាសាន រ៉ូហានី។
គួរបញ្ជាក់ថា រហូតមក អ៊ីរ៉ង់បានតុចរចា៦ភាគី ជាមួយប្រទេសមហាអំណាច ដើម្បីរកមធ្យោបាយដោះស្រាយវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែ រហូតមកដល់ពេលនេះ ការចរចាមិនបានឈានដល់ដំណោះស្រាយណាមួយទេ។ អ៊ីរ៉ង់ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី ចង់ត្រូវរ៉ូវជាមួយប្រទេសលោកខាងលិច ដោយសារវិបត្តិសេដ្ឋកិច្ចក្នុងស្រុក។ កុំភ្លេចថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដែលបានហាមមិនឲ្យទិញប្រេងអ៊ីរ៉ង់ បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្លាមអ៊ីរ៉ង់៕ ដោយ ឈាង បុប្ (RFI)