នាយករដ្ឋមន្ត្រី៖ សម្ដេចម៉ែចង់តតាំងជាមួយអ្នករិះគន់សម្ដេចឪ
Cambodia News
កំពង់ចាម ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហុន ព្រះអង្គចង់តតាំងដោយផ្ទាល់ជាមួយអ្នកដែលរិះគន់ដល់ព្រះនាម ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ថា ព្រះអង្គបានបង្គាប់បញ្ជា និងរៀបចំគម្រោងការឲ្យលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គដោយផ្ទាល់ កាលពីថ្ងៃ១៨ មីនា ឆ្នាំ១៩៧០។
ការថ្លែងរបស់លោក ហ៊ុន សែន នេះធ្វើឡើងនៅគ្រាលោកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល នានា នៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កាលថ្ងៃទី១៥ មិថុនា។
បើទោះជាលោក ហ៊ុន សែន មិនបញ្ចេញឈ្មោះអ្នកនយោបាយណាមួយក្ដី ក៏ប៉ុន្តែគេដឹងថា នោះគឺលោក ហ៊ុន សែន សំដៅដល់ប្រធានគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ។ លោកនាយករដ្ឋមន្ត្រីអត្ថាធិប្បាយថា អ្នកដែលលើកឡើងបែបនេះ គឺបានបង្ហាញចេតនាកាន់តែច្បាស់ថា អ្នកនោះគឺមិនគោរពរបបរាជានិយមនោះទេ។
បើតាមលោក ហ៊ុន សែន នៅទីបំផុតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គសម្រេចព្រះរាជហឫទ័យ មិនសវនាការដោយផ្ទាល់ទេ ព្រោះមានលោក ហ៊ុន សែន ចេញមុខការពាររបបរាជានិយមហើយនោះ។
ខ្សែអាត់សំឡេងរបស់លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ដែលបាននិយាយកាលពីខែឧសភា នៅខេត្តតាកែវ ត្រូវបានមន្ត្រីរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បញ្ចេញជាសាធារណៈថា លោក លន់ នល់ ត្រូវបានព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះអង្គគឺជាអ្នកដែលស្ថិតនៅពីក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ ពោលគឺពុំមែនជាគំនិតរបស់លោកសេនាប្រមុខ លន់ នល់ ទេ។
ក៏ប៉ុន្តែលោក គង់ គាំ វិញ បដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា នេះគឺជាល្បិចនយោបាយរបស់លោក ហ៊ុន សែន រៀបចំទុក ដើម្បីធ្វើឲ្យលោក និងលោក កឹម សុខា ត្រូវបញ្ចប់ជីវិតនយោបាយ និងចុះខ្សោយនៅមុនការបោះឆ្នោតប៉ុណ្ណោះ៕