លោកហ៊ុន សែនដាស់​តឿន​​មន្ត្រីជំនាញពី​ជំហានឆ្ពោះ​​ទៅលុប​បំបាត់ជំងឺគ្រុនចាញ់

ក្នុងឱកាស​នៃ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ថ្ងៃ​២៥​ មេសា ​២០១២​នេះ លោក​ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មហាជន និងមន្ត្រីជំនាញ ឲ្យពិចារណា​បន្ថែមទៀតអំពី​ជំហាន​ឆ្ពោះទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់នៅ​កម្ពុជា។

ដើម្បី​ឆ្ពោះទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់នៅ​កម្ពុជា សម្រាប់​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ថ្ងៃទី​២៥ ​មេសា លោក​ហ៊ុន សែន បាន​លើកឡើង​ថា យើង​ត្រូវ​ពិចារណា​លើ​បញ្ហា​​មួយចំនួន រួមមាន​៖ ទី​១-​ការចម្លង​ជំងឺគ្រុនចាញ់ ចំពោះ​ប្រជាជន​ផ្លាស់​ទីលំនៅ​ពី​តំបន់​ដែល​គ្មាន​ជំងឺគ្រុនចាញ់ ទៅ​តំបន់ដែល​មាន​ជំងឺគ្រុនចាញ់​ខ្ពស់ នៅក្នុង​ប្រទេស ជា​ពិសេស​ការដ្ឋាន​ចម្ការកៅស៊ូ ចម្ការដំទ្បូង ការដ្ឋាន​ថាមពល​អគ្គិសនី ការដ្ឋាន​សាងសង់​ស្ពាន​ ជាដើម​។

ទី​២-​ភាពស្មុគស្មាញ​មួយទៀត គឺថាភ្នាក់ងារ​ចម្លង​នូវ​ជំងឺ​គ្រុនចាញ់ កំពុង​បង្ហាញ​នូវ​និន្នា​ការ​​ផ្លាស់ប្តូរ​លក្ខណៈ​របស់​វា ដែល​បង្ក​ឲ្យមាន​ភាព​ស៊ាំទៅ​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត​។ ទី​៣-​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់ នៅ​តាម​កន្លែង​ខ្លះចាប់ផ្តើម​មាន​ភាព​ស៊ាំនឹង​ថ្នាំ​ប្រឆាំង​ជំងឺ​ គ្រុន​ចាញ់ដ៏​មាន​ប្រសិទ្ធភាព ដូចជា ថ្នាំ​អារ​មេ​មិ​ស៊ិនីន ជាដើម និង​ទី​៤-​ការយល់ដឹង​របស់​ប្រជាជន​មួយចំនួន​អំពី​ការ​ការពារ​ខ្លួនពី​ ជំងឺគ្រុនចាញ់នៅមានកម្រិត ជាក់ស្តែង​ចំនួន​ប្រជាជនដែល​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំក៏​មាន​កម្រិនៅ​ទ្បើយ។ ​

ជាមួយគ្នា​នោះ ​លោក​ហ៊ុន​ សែន​ បានលើកឡើង​ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិលុប​បំបាត់​ជំងឺ​គ្រុនចាញ់ ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៥ របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់​ថា នឹង​សម្រេច​ឲ្យបាន ៩៥ ភាគរយ នៅ​ឆ្នាំ​២០១៤ ក៏​ប៉ុន្តែ​ជាក់ស្តែង​យើង​បាន​សម្រេច​ជិត ១០០ ភាគរយ នៅ​ឆ្នាំ​២០១២ តាមរយៈ​យុទ្ធនាការ​ចែក​មុង​ចំនួន ២៧.០០០.០០០ មុង ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៨១២.០០០ គ្រួសារ ដែល​មាន​ប្រជាជន​ចំនួន ៣.០៤០.០០០ នាក់ ដែល​យើង​​បាន​ធ្វើ​ក្នុង​រយៈកាល ៤​ខែ ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​សម្រេច​លើស​ផែនការ និង​បី​ឆ្នាំ មុន​កាលកំណត់​។​

សូម​រម្លឹកថា ជំងឺគ្រុនចាញ់ នៅក្នុង​ប្រទេស​កម្ពុជា បាន​សម្លាប់​មនុស្ស ៩៣ នាក់ នៅ​ឆ្នាំ​២០១១​។ ចំនួន​អ្នក​ស្លាប់​នេះ បាន​ថយចុះ ៣៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​មាន​អ្នកស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ ចំនួន ១៥១ នាក់​។ នេះ​បើ​តាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​​ជាតិ​ប្រឆាំង​ជំងឺគ្រុនចាញ់​។​ ជំងឺ​គ្រុនចាញ់ ត្រូវ​បាន​ឆ្លង​តាមរយៈ​សត្វ​មូស​ដែក​គោល​ញី​ខាំ ហើយ​ជនរងគ្រោះ​នៃ​ជំងឺ​គ្រុនចាញ់ មាន​គ្រប់​វ័យ ជាពិសេស​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ភាគច្រើន​រស់នៅ​តំបន់​ដាច់ស្រយាល​៕

Related Articles

Back to top button
Close
Close