សាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារបីឆ្នាំ និងពិន័យជាប្រាក់២០លានរៀល
Cambodia News
ភ្នំពេញ៖ នៅក្នុងសវនាការដែលធ្វើឡើងចាប់ពីម៉ោង ២:៤៥នាទីរសៀល ដល់ម៉ោង ៧យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣នេះ ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ បានប្រកាសសាលដីកាដោយព្យួរទោស អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ១ឆ្នាំ ដែលមានន័យថា អ្នកស្រី យ៉ោម បុប្ផា នៅជាប់ទោស ២ឆ្នាំ ក្នុងទោសបីឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បានផ្តន្ទាទោសសកម្មជនដីធ្លីនៅតំបន់បឹកកក់ អ្នកស្រី យ៉ោម បុប្ផា ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល ពីបទប្រើហិង្សាវាយបុរស អ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ គិតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣នេះ អ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគាររយៈពេល២៨៤ថ្ងៃ (ជិតមួយឆ្នាំហើយ)។ អ្នកស្រី ត្រូវជាប់ទោសក្នុងពន្ធនាគារជាងមួយឆ្នាំទៀត។
មេធាវីអ្នកស្រី យ៉ោម បុប្ផា លោក ហម ស៊ុនរិទ្ធ មានប្រសាសន៍បន្ទាប់ពីបញ្ចប់សវនាការថា រឿងក្តីនេះនៅមានភាពសង្ស័យមួយចំនួន ដូចជាជនរងគ្រោះ និងសាក្សីដាក់បន្ទុក មិនស្គាល់អត្តសញ្ញាណជនល្មើសពិតប្រាកដនៅឡើយទេ ហើយតុលាការគ្មានភស្តុតាងជាក់លាក់ ដើម្បីដាក់ទោសកូនក្តី របស់លោកនោះទេ។ លោកថា លោកនិងមេធាវីរបស់អ្នកស្រី យ៉ោម បុប្ផាម្នាក់ទៀត នឹងរៀបចំពាក្យបណ្តឹងសាទុក ដាក់ទៅតុលាការកំពូលបន្តទៀត៕