សម្តេចសង្ឃ ដាឡៃឡាម៉ា ៖ ទីបេដុតសម្លាប់ខ្លួន គ្មានឥទ្ធិពលលើប៉េកាំង
យកភ្លើងមកដុតសម្លាប់ខ្លួន ជាសាធារណៈ ដែលបណ្តាជនទីបេមួយចំនួន តែងធ្វើកន្លងមក ដើម្បីប្រឆាំងនឹងអំណាចគាបសង្កត់របស់អាជ្ញាធរប៉េកាំងមកលើតំបន់ ទេ មានឥទ្ធិពលតិចតួចណាស់ លើនយោបាយចិន ! នេះជាសង្ឃដីការបស់សម្តេចសង្ឃ ដាឡៃឡាម៉ា ប៉ុន្តែសម្តេចបានទាមទារឱ្យរបបដឹកនាំចិន ស្វែងរកហេតុផលនៃការបរិច្ចាគជីវិតបែបនេះ។
គឺ ក្នុងពេលកំពុងបំពេញទស្សនកិច្ច នៅប្រទេសអូស្ត្រាលី ដែលសម្តេចសង្ឃដាឡៃឡាម៉ា បានសម្តែង មន្ទិលសង្ស័យ អំពីប្រសិទ្ធិភាពនៃការលះបង់ជីវិតរបស់បណ្តាជនទីបេ ដោយការដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងក្រុងប៉េកាំង។ ប៉េកាំង ដែលនឹងមិនប្តូរផ្លាស់នយោបាយក្តោបអំណាចលើទីបេឡើយ។ ប៉ុន្តែសម្តេចសង្ឃ បានស្នើសុំឱ្យចិន បើកអង្កេតរកមូលហេតុនៃជំងឺដុតសម្លាប់ខ្លួនរបស់ពលរដ្ឋទីបេ និងឈប់ចោទប្រកាន់អ្នកផ្សេង ថាបានញុះញង់ ព្រោះមិនមែនជាដំណោះស្រាយឡើយ។
ទោះបីជាក្នុងក្រសែភ្នែកចិន សម្តេចសង្ឃដាឡៃឡាម៉ា គឺជាអ្នកលើកទឹកចិត្តឱ្យមានការដុតសម្លាប់ខ្លួន ក៏ដោយ ក៏សម្តេចសង្ឃផ្ទាល់មិនដែលចេញសង្ឃដីកាគាំទ្រសកម្មភាពនេះទេ។ សម្តេច ដែលយល់អំពីភាពអស់សង្ឃឹមរបស់ជនទីបេ បានថែមទាំងណែនាំឱ្យបញ្ឈប់កាយវិការដ៏ខ្លោចផ្សារនេះ។ ជំហរដែលបានធ្វើបណ្តាបញ្ញាវន្តទីបេ ជាច្រើនមិនពេញចិត្ត។
ជាសរុបគិតពីឆ្នាំ២០០៩មក មានជនទីបេ ១១៧នាក់ បានប៉ុនប៉ងដុតសម្លាប់ខ្លួន (ភាគច្រើនស្លាប់) ដើម្បីប្រឆាំងនឹងការគាបសង្កត់របស់អាជ្ញាធរចិន។ ចិន ចាត់ទុកតំបន់ក្រីក្រទីបេ ថាជាចំណែកមួយនៃបូរណភាពដែនដីចិន ដែលរំដោះបានដោយសន្តិភាពនៅឆ្នាំ១៩៥០៕ដោយ អៀង សុខម៉ិញ (RFI)