អតីតប្រពន្ធចុងលោកកឹម សុខា ដាក់ពាក្យបណ្តឹងចំពោះអ្នកប្រើហិង្សាលើរូបគាត់ និងម្តាយ
Cambodia News
ព្រៃវែង ៖ នៅថ្ងៃទី១៤ មិថុនា ២០១៣ អ្នកស្រី កែវ សុផាន់ណារី និងម្តាយដែលរងគ្រោះដោយការប្រើហិង្សាវាយតប់ពីមនុស្សច្រើន នាក់នៅមុខវេទិការបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយលោកកឹម សុខា ឃោសនាទៅលើសកម្មជនរបស់គាត់នោះ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងហើយ ដោយចោទប្រកាន់មនុស្ស៤នាក់ ពីបទបង្ករបួសស្នាម ។
យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី និងម្តាយរបស់គាត់ជាជនរងគ្រោះបានឱ្យដឹងថា មនុស្ស៤នាក់ដែលពួកគាត់ប្តឹងនោះម្នាក់ឈ្មោះកាន់ សុវណ្ណបុស្បា ភេទស្រី ជាសកម្មជនគណបក្សសង្គ្រោះជាតិត្រូវជាក្មួយស្រីរបស់លោកកឹម សុខា នៅភូមិ៦ ឃុំព្រែកខ្សាយ២ ស្រុកពាមរក៍ ខេត្តព្រៃវែង ឯមនុស្ស៣នាក់ទៀត ស្គាល់តែមុខមិនស្គាល់ឈ្មោះ ប៉ុន្តែពេលនេះត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណសុំ ដីកាពីព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។
ប៉ូលិសស្នងការដ្ឋានខេត្តព្រៃវែង បានឱ្យដឹងថា សកម្មភាពប្រវាយប្រតប់ និងរូបស្ត្រីដៃដល់មានអស់ហើយ ហើយពេលនេះប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា ដើម្បីសុំនីតិវិធីចាត់ការទៅលើជនដៃដល់… ចំណែកអង្គរក្សរបស់លោកកឹម សុខា នាគ្រានោះប្រហែលជាមិនមានបញ្ហាអ្វីទេ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ នៅមុខវេទិកាមួយ ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង អ្នកស្រី កែវ សុផាន់ណារី ដែលជាប្រពន្ធចុងរបស់លោកកឹម សុខា និងម្តាយរបស់អ្នកស្ត្រីរូបនេះត្រូវបានអង្គរក្សរបស់លោកកឹម សុខា ចាប់ក្រៀក ឃាត់មិនឱ្យចូលទៅក្នុងពិធី ហើយត្រូវស្ត្រីម្នាក់ទៀតដែលគេស្គាល់ថា ជាក្មួយរបស់លោកកឹម សុខា ចូលវាយទាត់ធាក់ បណ្តាលឱ្យរងរបួសធ្ងន់គួរសម។
ក្រោយមកត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈអ្នកស្រីរូបនេះ និងម្តាយរបស់គាត់ចូលទៅតវ៉ាសុំវែកញែកឱ្យលោកកឹម សុខា ទទួលខុសត្រូវក្នុងនាមខ្លួនជាប្រពន្ធ ទារប្រាក់ចិញ្ចឹមជីវភាព និងទារសំណងជំងឺចិត្តនៅមុខវេទិកាមួយដែលលោកកឹម សុខា កំពុងជួបសំណេះសំណាលឃោសនាជាមួយសកម្មជនរបស់ខ្លួននៅខេត្តព្រៃវែង៕