ឈូក បណ្ឌិត ក្លាយជាសាក្សី ក្នុង សំណុំរឿងបាញ់កម្មករ
Cambodia News
ស្វាយរៀង៖ ឈានមកដល់ថ្ងៃទីពីរនៃដំណើរជំនុំជម្រះលើសំណុំរឿងបាញ់ កម្មការិនី រោងចក្រកៅវ៉េកាលពីជាង១ឆ្នាំមុន បានធ្លាក់មកដល់ចំណុចឈឺក្បាលវិលមុខ ត្រង់ថាតុលាការខេត្ត ស្វាយរៀង ពេលនេះ បានយកសំណុំរឿងដែលធ្លាប់មានជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត តាំងពីដើមរៀងមក ទៅទម្លាក់ឲ្យមនុស្សផ្សេង ហើយលោក ឈូក បណ្ឌិត មកនៅត្រឹមតែជាសាក្សីទៅវិញ។
តាមសេចក្ដីរាយការណ៏ពីតុលាការខេត្ត ស្វាយរៀង ឲ្យដឹងថា តុលាការបានទម្លាក់ការចោទប្រកាន់ករណីបាញ់កម្មការិនីឲ្យរងរបួសទៅលោក ស ចន្ថា អធិការរងក្រុងបាវ៉ិត ខណៈ ដែលអះអាងថា គេបានរកឃើញសំបកកាទូស្ស ដែលបាញ់ ដូចគ្នាទៅនឹងគ្រាប់កាំភ្លើងរ៉ូឡូ ដែលលោក អធិការរង នោះប្រើ ។
ប៉ុន្តែយ៉ាងណាក៏ដោយសាក្សីមួយចំនូនដែលជាប៉ូលិសក្រុងបាវិត បានឆ្លើយបញ្ជាក់ប្រាប់សវនាការថា លោក ស ចន្ថា ពុំមានវត្តមាននៅកន្លែងកើតហេតុទេ អំឡុងពេលនោះ ដែលវាបានធ្វើឲ្យទិដ្ឋភាព សវនាការទាំងមូលនាពេលនេះ ធ្លាក់ក្នុងសភាពតឹងតែង ពិបាកយល់ ។
គួរបញ្ជាក់ថា ហេតុការណ៏នៃការបាញ់ធ្វើឲ្យកម្មការិនី៣នាក់ នៃ រោងចក្រកៅវ៉េ ក្នុងក្រុងបាវ៉ិតរងរបួសកាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១២ មានសាក្សីជាច្រើន ធ្លាប់បានអះអាងថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវ៉ិតគឺជាជនសង្ស័យតែម្នាក់គត់ដែលបានបាញ់ ហើយលោក ឈូក បណ្ឌិត ខ្លួនឯងផ្ទាល់ក៏ធ្លាប់បានឆ្លើយប្រាប់តុលាការផងដែរថា លោក ពិតជាអ្នកបាញ់មែន តែពុំបានសំដៅតម្រង់ទៅលើកម្មការិនីទាំងនោះទេ គ្រាន់តែបាញ់ កម្លាទៅលើប៉ុណ្ណោះ ៕