ចាប់ពីថ្ងៃទី៣០ មេសា ប្រជាពលរដ្ឋបឹងកក់ហែក្បួនតាមផ្លូវក្នុងរាជធានីភ្នំពេញ
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ នឹងដើរហែក្បួន តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ មេសា ២០១២ ដោយមិនកំណត់ថ្ងៃបញ្ចប់នោះទេ លុះត្រាតែទទួលបានដំណោះស្រាយ។
ចំពោះការដើរហែរក្បួននេះ ប្រជាពលរដ្ឋបានដាក់លិខិតជូនដំណឹង ទៅសាលារាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១២ នេះបើតាមការឲ្យដឹងរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់នៅថ្ងៃទី២៤ មេសា ឆ្នាំ២០១២។ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
អ្នកស្រី ហេង មុំ ប្រជាពលរដ្ឋបឹងកក់ បានឲ្យដឹងថា គោលបំណងនៃការដើរហែក្បួន របស់ប្រជាពលរដ្ឋបឹងកក់ គឺសុំឲ្យសាលារាជធានីភ្នំពេញ ផ្តល់ប្លង់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ៩៤ គ្រួសារ ឲ្យបានជាបន្ទាន់ សុំឲ្យបោះព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យបានច្បាស់ ជៀសវាងការបណ្តេញចេញ។
អ្នកស្រី បានបញ្ជាក់ថា ក្បួនដង្ហែចេញពីបឹងកក់ ចូលសាលារាជធានីភ្នំពេញ ចេញពីសាលារាជធានីភ្នំពេញ ទៅមុខផ្ទះសម្តេចនាយករដ្ឋមន្ត្រី ដោយក្នុងការដើរហែពួកខ្ញុំបានបោះពុម្ពអាវយឺត និងមួក ដោយសុំបោះព្រំប្រទល់ដី អោយបានច្បាស់ ផ្តល់ប្លង់កម្មសិទ្ធិ បញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី។
អ្នកស្រី ទេព វន្នី បានឲ្យដឹងថា គោលបំណង ដែលប្រជាពលរដ្ឋនៅតែតវ៉ា លើបញ្ហាជម្លោះដីនៅបឹងកក់ ដោយសារតែដី ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រទានកម្ម គឺមិនច្បាស់លាស់ ទើបប្រជាពលរដ្ឋទាមទារអោយបោះព្រំប្រទល់។
លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិយាយថា បើប្រជាពលរដ្ឋបឹងកក់ ចង់សម្តែងមតិ គឺត្រូវធ្វើនៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែបើដើរហែក្បួន អត់ឲ្យហែទេ។ តែបើមានច្បាប់ សមត្ថកិច្ចការពារ ហើយបើអត់ច្បាប់ទេ ខាងលើសម្រេចឲ្យទប់ស្កាត់ គឺសមត្ថកិច្ចទប់ស្កាត់ហើយ៕