លោក ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់បាតុកម្ម ប្រឆាំងលោក កឹម សុខា
Cambodia News

ភ្នំពេញ៖ ក្នុងពិធីសម្ពោធអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៣ មិថុនា នៅជាប់ស្តាតអូឡាំពិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យលោក ជុំ ម៉ី រួមទាំងជនរងគ្រោះក្នុងរបបខ្មែរក្រហម បញ្ឈប់បាតុកម្ម ប្រឆាំងលោក កឹម សុខា មួយរយៈសិន ដើម្បីឲ្យបរិយាកាសឃោសនា និងការបោះឆ្នោត បានប្រព្រឹត្តិទៅដោយល្អ និងមានតម្លាភាព។
ចំពោះការលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំឆាកល្ខោន ឲ្យមានធ្វើបាតុកម្ម ប្រឆាំងលោក កឹម សុខា។ លោក ហ៊ុន សែន បានបដិសេធ ហើយថា បើសិនជាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយវិញ គឺមិនមែនកើតមានបាតុកម្មប៉ុណ្ណេះទេ ច្បាស់ជា ពេលនោះ លោក កឹម សុខា ត្រូវរត់រកស្ថានទូតជ្រកកោនហើយ។
លោក ហ៊ុន សែន ក៏បានលើកឡើងនូវករណីស្ត្រីម្នាក់ ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា ហើយសម្តេច បានអំពាវនាវទៅកាន់លោក កឹម សុខា ផងដែរ នៅព្រឹកមិញ ដើម្បីឲ្យប្រមុខបក្សប្រឆាំង ហ៊ានចេញមុខ មកតតាំងជាមួយនឹងស្ត្រីនោះ ដើម្បីដោះស្រាយបញ្ហា៕