បណ្ដាញសង្គម រិៈគន់ការដោះលែង និស្សិតស្រី ដែលបង្កសោកនាដកម្ម ចរាចរណ៏
Cambodia News
ភ្នំពេញ៖ ចាប់តាំងពីល្ងាចម្សិលមិញ ក្រុមអ្នកលេងហ្វេសប៊ុក (Facebook) ឬ បណ្ដាញសង្គម បានធ្វើការវាយប្រហារយ៉ាងធ្ងន់ដៃ ទៅលើប្រព័ន្ធតុលាការកម្ពុជា ក្នុងការសម្រេចដោះលែងនិស្សិតស្រីម្នាក់ ដែលបង្ករឲ្យមានសោកនាដកម្មចរាចរណ៏ បណ្ដាលឲ្យកុមារ៣នាក់ស្លាប់ និង ៦ នាក់ទៀត រងរបួស កាលពីដើម ខែ មិនា កន្លងទៅ។
គេនៅចងចាំថា កាលពីថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៣ គាម ពិសិដ្ឋណារីតា អាយុ ២៣ ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី ៦ ដែលគេជឿថា ជាកូនអ្នកមានទ្រព្យធន់ច្រើន បានបើករថយន្ត ម៉ាកកាមរី ស៊េរីខ្ពស់របស់ខ្លួន បុករះ បណ្ដាលឲ្យក្មេង៣នាក់ស្លាប់យ៉ាងអណោចអធ័ម និង ៦នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវ នរោត្តម ខាងមុខក្រសួងមហាផ្ទៃ ។
តាមច្បាប់ចរាចរណ៏ក្នុងប្រទេសកម្ពុជា ការបង្ករគ្រោះថ្នាក់ចរាចរណ៏ដែលបណ្ដាលឲ្យមនុស្សស្លាប់ ត្រូវបានចាត់ទុកថា ជាការសម្លាប់មនុស្សដោយអចេតនា និង មានកម្រិតទោសទាបបំផុត ត្រឹមពីរឆ្នាំ បើសិនជាបណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ ។
ប៉ុន្តែកាលពីរសៀលថ្ងៃទី ១២ មិថុនា ម្សិលមិញចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសជនជាប់ចោទ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ តែអនុត្តន៏ទោសក្នុងពន្ធនាគារ តែ៣ខែ ១៥ថ្ងៃ ហើយ ទោសដែលនៅសល់ត្រូវព្យួរ ។ មានន័យថានាងត្រូវបានដោះលែងឲ្យមានសេរីភាពនៅក្រៅពន្ធនាគារ ដែលជាចំណុចផ្ដើមឲ្យមានការរិៈគន់យ៉ាងចម្រូងចម្រាសពីមជ្ឈដ្ឋាន មួយចំនួន ៕