សន្តិសុខក្រុមហ៊ុនរ៉ូយ៉ាល់ម្នាក់ ត្រូវរថយន្តបុកស្លាប់
Cambodia News
ហេង នាង
ភ្នំពេញ៖ កាលពីម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា សន្តិសុខក្រុមហ៊ុនរ៉ូយ៉ាល់ម្នាក់ ត្រូវរថយន្តនីសសាន់របស់ក្រុមហ៊ុនCP បុកស្លាប់ ត្រង់ចំណុចខាងមុខរោងចក្រ ហុង ដា លើកំណាត់ផ្លូវវេងស្រេង ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសរងគ្រោះឈ្មោះ ព្រំ សុភាព អាយុ៥៤ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនរ៉ូយ៉ាល់ ដែលមានស្រុកកំណើតនៅភូមិ-ឃុំ ប្រាសព្វលក្ខណា ស្រុកចាន់ទ្រា ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះបានដើរពីរោងចក្រទៅឈរលើចិញ្ជើមផ្លូវវេងស្រេង បក់ដៃឲ្យរថយន្តកុងទីន័រចូលរោងចក្រ ហុង ដា ស្រាប់តែមានរថយន្តនីសសាន់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-6315 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុ ក៏បោះពួយទៅបុកបុរសខាងលើ ដែលកំពុងតែបក់ដៃជាសញ្ញាឲ្យកុងទីន័រចូលរោងចក្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្ក បានព្យាយាមបើករថយន្តរត់គេច បានប្រមាណ២០០ម៉ែត្រ ហើយត្រូវសមត្ថកិច្ចដេញទាន់ ក៏ចុះរត់ចោលរថយន្តតែម្តង។ បច្ចុប្បន្នរថយន្តបង្ក ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយ៕