ក្នុងរយៈពេលបីខែដំបូងកម្ពុជានាំអង្ករចេញចំនួន៣៨.៤០៩តោន
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេលបីខែដំបូង ដើមឆ្នាំ២០១២ កម្ពុជាបាននាំអង្ករចេញចំនួន ៣៨.៤០៩ តោន ។ ចំនួននេះបានកើនឡើងជិត ៥០ភាគរយ ធៀបនឹងរយៈពេលបីខែ កាលពីដើមឆ្នាំ២០១១។
ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០១២ តួលេខបង្ហាញថា បានកើនឡើង ៤៨,៩៦ ភាគរយបើធៀបនឹង ៣ខែដំបូងក្នុងឆ្នាំ២០១១ មានត្រឹមតែ ២៥.៧៨៥ តោន ប៉ុណ្ណោះ។ ការនាំចេញអង្ករនេះ បើគិតជាថវិកា គឺបានកើនឡើង ៨២,៣៨ ភាគរយ ដោយកើនពី ១៤,៨៧ លានដុល្លារ រហូតដល់ ២៧,១២ លានដុល្លារ។
តួលេខពីក្រសួងពាណិជ្ជកម្ម ក៏បានឲ្យដឹងថា ការនាំចេញអង្ករកាលពីឆ្នាំ២០១១ មានប្រមាណ ១៧០.៧៧២ តោន និងមានតម្លៃជាង ១០៣,៨៧ លានដុល្លារ។ ហើយពេលនេះកម្ពុជាបានដាក់ផែនការដើម្បីនាំចេញអង្ករទៅក្រៅប្រទេសឲ្យបាន ១លានតោននៅឆ្នាំ២០១៥៕