ប្រតិកម្មបន្តកើតមានក្រោយព្រះរាជអាជ្ញាចោទប្រកាន់ឈូក បណ្ឌិតពីបទបង្ករបួសស្នាម
មេដឹកនាំសហជីព និងមន្ត្រីអង្គការមួយចំនួន នៅក្នុងប្រទេសកម្ពុជាបានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំង និងបានព្រមាន ធ្វើការតវ៉ាដ៏ធំមួយនាពេលឆាប់ៗខាងមុខនេះ ប្រឆាំងនឹងការសម្រាលបទចោទប្រកាន់របស់តុលាការ ដោយគ្រាន់តែចោទប្រកាន់ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាម ដោយអចេតនា។
លោក ឈូក បណ្ឌិតជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារទៅលើកម្មការីនីរោងចក្រ កៅវ៉េ ចំនួន ៣ នាក់ ឲ្យរបួស ក្នុងពេលកំពុងតវ៉ា នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាថេន នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាខេត្តស្វាយរៀងបានឲ្យដឹងថា លោកបានចោទលោក ឈូក បណ្ឌិត ក្នុងបTបង្ករបួសស្នាម ដោយអចេតនា។ ចំពោះការកំណត់ពេលសវនាការ នៅមិនទាន់កំណត់ទេ ពីព្រោះចៅក្រមកំពុងតែធ្វើការអង្កេតបន្ថែម។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានបញ្ចេញប្រតិកម្មរិះគន់ ដោយចាត់ទុកចំណាត់ការរបស់ព្រះរាជអាជ្ញា មិនត្រឹមត្រូវរបស់តុលាការខេត្តស្វាយរៀងយ៉ាងនេះថា ប្រព័ន្ធតុលាការនៅកម្ពុជា ទទួលរងឥទ្ធិពលអ្នកនយោបាយកាន់អំណាចសព្វថ្ងៃនេះ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មថា បើសិនជាតុលាការ ធ្វើរបៀបនេះ វាជាករណីយឺតយ៉ាវមែនទែន ដោយសារបទបង្ករបួសស្នាម ។ បើសិនជារកលោក ឈូក បណ្ឌិត អត់ឃើញវាជាបញ្ហាមួយ ដែលឲ្យសង្គមស៊ីវិល និងក្រុមគ្រួសារជនរងគ្រោះ មិនសប្បាយចិត្តទេ។ ព្រោះរឿង ឈូក បណ្ឌិត នេះ វាល្បីទូទាំងពិភពលោកទៅហើយ បើសិនជាតុលាការដាក់ត្រឹមថា បង្ករបួសស្នាម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវមានវិធានការ ចំពោះតុលាការខេត្តស្វាយរៀង។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទិ្ធមនុស្ស លីកាដូបាននិយាយថា អគ្គព្រះរាជអាជ្ញាអមមហាអយ្យការសាលាឧទ្ធរណ៍ ត្រូវតែពិនិត្យមើលបទចោទនោះឡើងវិញ នៅពេលចោទត្រឹមតែបទបង្ករបួសស្នាមបែបនេះ អគ្គព្រះរាជអាជ្ញា មានសិទ្ធិអធិបញ្ជាលោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា នៃតុលាការខេត្តស្វាយរៀងឲ្យប្តូរបទចោទ ឲ្យបានត្រឹមត្រូវជាថ្មីម្តងទៀត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕