អាមេរិកជំរះបញ្ជីនាយទាហានដែលលួចបញ្ចេញឯកសារយោធា សម្ងាត់
តុលាការ យោធាអាមេរិកត្រូវចាប់បើក សវនាការ នៅថ្ងៃចន្ទនេះ ដើម្បីជំនុំជម្រះលើនាយទាហានម្នាក់ ដែលបានលួចបញ្ចេញឯកសារសម្ងាត់របស់យោធាអាមេរិកទៅឲ្យវិបសៃត៍ Wikileak។ យុវជនBradley Manning អាយុ២៥ឆ្នាំ ត្រូវបានគេចាប់ខ្លួន កាលពី៣ឆ្នាំមុន នៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមានរឿងលេចធ្លាយព័ត៌មានសម្ងាត់រដ្ឋាភិបាលចេញទៅក្រៅ។
ជាសវនាការ ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយ ព្រោះនេះជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលព័ត៌មានដែលរដ្ឋាភិបាលចាត់ទុកថា សម្ងាត់ណាស់ ត្រូវបែកលេចធ្លាយចេញទៅក្រៅ ហើយជាពិសេសទៅក្នុងដៃរបស់វិបសៃត៍Wikileak។
Bradley Manning ត្រូវបានគេចាប់ខ្លួន នៅក្នុងពេលកំពុងបម្រើការ ជាអ្នកវិភាគឯកសារព័ត៌មានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ អាជ្ញាធរអាមេរិកបានចោទប្រកាន់នាយទាហានរូបនេះ ពីបទបទលួចបញ្ចេញឯកសារសម្ងាត់យោធា ជាង ៧សែនទំព័រ ទៅឲ្យវិបសៃត៍Wikileak ។ នាយទាហាន Manningបានទទួលស្គាល់ថា ខ្លួនបានលួចថតទុករបាយការណ៍ស្តីពីសង្រ្គាមនៅអ៊ីរ៉ាក់ និងបានបញ្ជូនទៅឲ្យវិបសៃត៍ Wikileak គឺក្នុងគោលបំណងជំរុញឲ្យមានការពិភាក្សាជាសាធារណៈស្តីពីសង្រ្គាម នៅអ៊ីរ៉ាក់ តែប៉ុណ្ណោះ ប៉ុន្តែ គ្មានបំណងបំផ្លិចបំផ្លាញជាតិអាមេរិក ដូចការចោទប្រកាន់ទេ។
រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់អតីតនាយទាហាន Manningពីបទគប់គិតជាមួយសត្រូវ ជាពិសេស ក្រុមបណ្តាញអាល់កៃដា។ រហូតមកដល់ពេលនេះ ភាគីរដ្ឋាភិបាលបានខិតខំរកភស្តុតាង និងសាក្សីដែលបញ្ជាក់ថា ឯកសារសម្ងាត់ដែលយុវជន Manningបញ្ចេញទៅក្រៅនោះ បានធ្លាក់ទៅក្នុងដៃរបស់បណ្តាញក្រុមភេរវនិយម។
បើសិនជាមានភស្តុតាងបង្ហាញថា Manningធ្វើការ ជួយក្រុមភេរវនិយម ដែលជាសត្រូវអាមេរិកមែន នោះតុលាការយោធា នឹងអាចប្រកាសផ្តន្ទាទោសនាយទាហាន Manningឲ្យចាប់គុកអស់មួយ ជីវិត។
នាយទាហាន Manningអាចត្រូវរដ្ឋាភិបាលចាត់ទុកជាជនក្បត់ជាតិ ប៉ុន្តែ សម្រាប់ប្រជាជនអាមេរិកាំងជាច្រើនរយនាក់ ដែលបានឈរ នៅមុខតុលាការ នាយទាហានរូបនេះ ជាវីរជន។ ដូច្នេះ គេទាមទារឲ្យតុលាការដោះលែងនាយទាហានរូបនេះ ដែល មានសេចក្តីក្លាហាន ហ៊ានបកអាក្រាត នយោ បាយរំលោភបំពានរបស់អាមេរិក នៅបរទេស។
សវនាការលើនាយទាហាន Manningធ្វើឡើង ក្នុងពេលដែលមានការរិះគន់លើផែនការប្រឆាំងនឹងការលេចធ្លាយព័ត៌មាន សម្ងាត់របស់លោកអូបាម៉ា។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក ត្រូវគេចោទថា បានលួចស្តាប់ទូរស័ព្ទរបស់អ្នកកាសែត បន្ទាប់ពីមានការបែកខ្ចរខ្ចាយព័ត៌មានស្តីពីនយោបាយរបស់អាមេរិកទៅលើ សំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ដោយ ឈាង បុប្ (RFI)