សន្និសីទស្តីពី “របបមច្ចុរាជ” សៀវភៅថ្មីស្តីពីភាពឃោរឃៅនៃរបបខ្មែរក្រហមបានចេញផ្សាយ
Cambodia News
វត្តី
ភ្នំពេញ៖ ដើម្បីចែករំលែកមេរៀនដ៏សែនជូរចតត់នារបបខ្មែរក្រហមប្រល័យជាតិឯងដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិជូនដល់ជនរួមជាតិ និងអន្តរជាតិទាំងបច្ចុប្បន្ននិងអនាគត មន្រ្តី កាទូតមួយរូបបានសហការជាមួយអ្នកសារព័ត៌មានកម្ពុជាចងក្រងសៀវភៅថ្មីដែលមានទាំងភាសារខ្មែរនិងភាសាអង់គ្លេស ហើយបានចេញផ្សាយជាផ្លូវការនារសៀលថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១៣ នេះ។
លោក ឡុង កែម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋគុយវ៉ែតបានចងក្រងសៀវភៅដែលមានចំណងជើងថា “របបមច្ចុរាជ” ហើយបានស្មើឲ្យលោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍ក្នុងការសរសេរព័ត៌មាន និងការសរសេរសៀវភៅជួយកែសម្រួល និងបន្ថែមខ្លឹមសារនិងរូបថតដើម្បីឲ្យសៀវភៅជាប្រវត្តិសាស្រ្តនេះមានលក្ខណៈវិជ្ជាជីវៈ និងសមស្របតាមស្តង់ដារសៀវភៅ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការសម្ភោធសៀវភៅនេះជាផ្លូវការនៅឯក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល ដែលជាអ្នកកែសម្រួលបាននិយាយថា សៀវភៅ “របបមច្ចុរាជ” នេះជាសៀវភៅថ្មីមួយទៀតដែលជាស្នាដៃនិពន្ធនិងកែសម្រួលដោយផ្ទាល់របស់ជនរងគ្រោះជាជនជាតិកម្ពុជា ដោយមិនមានការកែសម្រួលពីជនបរទេសឡើយ។
លោក សុផល បានបញ្ជាក់ថា កន្លងមក មានអ្នកនិពន្ធជាច្រើនជាជនជាតិខ្មែររស់នៅឯបរទស និងជនជាតិបរទេសបានសរសេរសៀវភៅស្តីពីអំពើដ៏សែនយង់ឃ្នងព្រៃផ្សៃរបស់ពួកខ្មែរក្រហម ប៉ុល ពត នួន ជា ខៀវ សំផន និង អៀង សារី ដែលធ្វើឲ្យមនុស្សស្លាប់ជិត ២ លាននាក់ ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការបង្តត់អាហារ និងការធ្វើការបាក់កម្លាំងក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះ នួន ជា ដែលជាបងធំទី២ និង ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបខ្មែរក្រហមបានទទួលស្គាល់ពីអពើប្រល័យពូជសាសន៍ដែលកើតមាននៅក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយបានធ្វើការសូមទោសជាសាធារណៈជាលើកដំបូងនៅក្នុងសាលាក្តីខ្មែរក្រហម។
ក្នុងមាតិកានៃសៀវនេះមានរៀបរាប់ពីការបាក់ទ័ពរបស់អ្នកនិពន្ធនៅពេលដែលខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញនាថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ការចាកចេញពីភ្នំពេញដោយតក់ក្រហល់ ហើយមានជីវភាពថ្មីដោយមានការងារចម្លែកៗរបស់អង្គការលើដែនដីបដិវត្តន៍ ការកប់មនុស្សក្នុងរណ្តៅរួម ការត្រៀមខ្លួនរបស់លោកក្នុងការធ្វើអត្តឃាតជាមួយកូនប្រុស និងការបាត់បង់ជីវិតប្អូនថ្លៃនិងក្មួយលើទឹកដីបដិវត្តន៍ ។ល។ និង។ល។
នៅក្នុងទំព័រថ្លែងអំណរគុណ លោក ឡុង កែមបានសរសេរថា ” ដោយមានបំណងរួមចំណែកក្នុងការរក្សាទុកនូវព្រឹត្តិការមួយចំនួនដែលបានកើតមានក្នុងជីវិតខ្ញុំផ្ទាល់ និងជាមរតកបន្សល់ទុកសម្រាប់អនុជនជំនាន់ក្រោយ ខ្ញុំសូមឧទ្ទិសនូវសមិទ្ធិផលនេះឲ្យទៅជាកម្លាំងជម្រុញស្មារតីស្នេហាជាតិការពារនូវបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជាយើងឲ្យបានគង់វង្សរីកចម្រើនជាអមតៈ និងជាការការពារកុំឲ្យស្រមោលអតីតកាលដូចរបបមច្ចុរាជនេះកើតមានឡើងវិញជាដាច់ខាត។
លោកបានបន្តថា “ដើម្បីចៀសវាងគ្រោះមហន្តរាយបែបនេះដល់សង្គមជាតិជាលើកទី២ យើងជាកុលបុត្រកុលធីតាខ្មែរត្រូវតែខិតខំរៀនសូត្រស្រាវជ្រាវផ្តល់ចំណេះដឹងឲ្យខ្លួនគ្រួសារខ្លួន និងសង្គមជាតិ។ បើសង្គមយើងសម្បូរណ៍ដោយបញ្ញាវ័ន្តនោះ ពួកគេនឹងជួយឲ្យប្រទេសជាតិមានការអភិវឌ្ឍជួយដល់អ្នកដឹកនាំឲ្យមានបញ្ញាញាណក្នុងការស្វែងរកមាគ៌ាល្អសម្រាប់ដឹកនាំឲ្យបានសមស្របនិងសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន។
លោក សុផល បានកោតសរសើរ ដល់លោក ឡុង កែម ព្រោះថា បើទោះជាលោកមមាញឹកក្នុងការងារការទូតក៏ដោយ ក៏លោកបានឆ្លៀតពេលចងក្រងសៀវភៅដែលជាឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃនេះសម្រាប់មនុស្សក្រោយសិក្សាស្វែងយល់៕