បញ្ហាសំរាមកកស្ទះក្នុងទីក្រុងភ្នំពេញ
តាំងពីថ្ងៃចូលឆ្នាំដំបូង ថ្ងៃទី១៣ មេសា រហូតដល់ថ្ងៃ១៨ មេសា ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ បានត្អូញត្អែរពីបញ្ហាគំនរសំរាមដែលកកស្ទះនៅតាមដងផ្លូវមុខផ្ទះ និងនៅតាមទីផ្សារទីប្រជុំជន ដោយពុំមានអ្នកប្រមូលយកទៅចោលនៅក្រៅទីក្រុងដូចសព្វដងឡើយ។
ស្រ្តីឈ្មោះ យន់ ឆេងនី នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា ការយឺតយាវក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថានក្នុងភូមិ ជាពិសេសនៅក្នុងទីក្រុងទាំងមូល។
ឆ្លើយតបនឹងបញ្ហានេះលោក សេង ចំរើន អនុប្រធានក្រុមហ៊ុន ស៊ីនទ្រី បាននិយាយនៅថ្ងៃពុធ ទី១៨ មេសា ថា ការកកស្ទះសំរាមប្រមូលមិនទាន់នេះគឺ ដោយសារកម្មកររបស់ក្រុមហ៊ុនត្រូវឈប់សម្រាកនៅថ្ងៃចូលឆ្នាំ ប៉ុន្តែទោះយ៉ាងនេះក្តី ក្រុមហ៊ុនលោកនៅតែមានកម្មវិធីប្រមូលសំរាមដែរនៅក្នុងថ្ងៃចូលឆ្នាំនោះ ដោយបានប្រមូលឆ្លាស់កន្លែង ឬឆ្លាស់ថ្ងៃគ្នា ប៉ុន្តែដោយសារសំរាមច្រើនពេកទើបប្រមូលមិនទាន់។
លោកបានឲ្យដឹងដែរថា ក្រុមហ៊ុនត្រូវចំណាយពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ថ្ងៃទៀត ទើបអាចប្រមូលសំរាមដែលនៅសល់ទាំងនោះអស់ ហើយបរិយាកាសក្នុងទីក្រុងនឹងវិលទៅរកសភាពធម្មតាឡើងវិញក្នុងអំឡុងពេល ៣ ទៅ ៤ថ្ងៃខាងមុខទៀតនេះ៕