កូរ៉េខាងត្បូង​ច្រានចោល​សំណើ​សុំចរចា​របស់​កូរ៉េខាងជើង​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ

នៅ ​ថ្ងៃ​ចន្ទ ទី២៧ ឧសភា​នេះ កូរ៉េខាងត្បូង​បាន​ច្រានចោល​សំណើ​សុំចរចា​របស់​កូរ៉េខាងជើង​ស្តីពី​ការ​ រំសាយ​នុយក្លេអ៊ែរ។ តាម​ពិត​ទៅ កូរ៉េខាងជើង​មិន​បាន​ធ្វើ​សំណើ​សុំចរចា​នេះ​ទៅ​កូរ៉េខាងត្បូង​ដោយ​ផ្ទាល់​ទេ តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សំបុត្រ​មួយ​របស់​អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន​ដែល​ប្រេសិតពិសេស​របស់​លោក​បាន​ប្រគល់​ជូន​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង។

តើ ​ខ្លឹមសារ​នៅ​ក្នុង​សំបុត្រ​ដែល​អគ្គមគ្គុទ្ទេសក៍​កូរ៉េខាងជើង​គីម ជុងអ៊ុន​បាន​សរសេរ​ជូន​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នោះ​មាន​អ្វី​ខ្លះ ?។ ពិត​ជា​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ឡើយ។ តែ​បើ​គេ​ជឿ​លើ​សារព័ត៌មាន​ផ្លូវការ​របស់​ចិន លោក​គីម ជុងអ៊ុន​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ផ្តើម​ឲ្យ​មាន​ឡើង​វិញ​ នូវ​កិច្ចចរចា ៦ភាគី​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ កិច្ចចរចា ៦ភាគី​ដែល​មាន​កូរ៉េទំាងពីរ ជើង ត្បូង សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន និង​ប្រទេស​ចិន។

ជា​ចម្លើយ​តប​វិញ​ទៅ​កូរ៉េខាងជើង កូរ៉េខាងត្បូង​បាន​ចាត់​ទុក​សំណើ​សុំចរចា​របស់​លោក​ប្រមុខរដ្ឋ​កូរ៉េខាងជើង​ ​គីម ជុងអ៊ុន​ផ្ញើ​ជូន​លោក​ប្រមុខរដ្ឋ​ចិន​ស៊ី ជីនពីង​ពេល​នេះ​ថា គ្រាន់​តែ​ជា​កាយវិការ​ល្អមើល​មួយ​ដើម្បី​បំពេញ​ចិត្ត​ចិន​កុំ​ឲ្យ​ខឹង​នឹង​ ខ្លួន​តែ​ប៉ុណ្ណោះ ពោល​គឺ​គ្មាន​ឆន្ទៈ​ស្មោះ ត្រង់​ឡើយ។ ចំណែកឯ​អ្នកនំាពាក្យ​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បាន​ថ្លែង​ឲ្យ ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការ​អនុវត្តន៍​ជាក់ស្តែង គឺ​ជា​រឿង​មួយ​សំខាន់​ជាង​ការ​និយាយ​តែ​មាត់។ ទន្ទឹម​គ្នា​នេះ ទីក្រុងសេអ៊ូល​ក៏​បាន​រម្លឹក​ជា​ថ្មី​ថា ជានិច្ចកាល របប​ក្រុងព្យុងយ៉ាង​តែងតែ​បាន​ចាត់ទុក​ការ​រំសាយ​កម្លំាង​នុយក្លេអ៊ែរ​របស់​ ខ្លួន​ថា ជា​រឿង​មួយ​ដែល​មិន​អាច​ចរចា​បាន ឬ​មួយ​ក៏​ថា អាច​ចរចា​បាន តែ​មិន​ត្រូវ​ដាក់​លក្ខខណ្ឌ​ជា​មុន​ទេ។ កាយវិការ​នេះ​វា​បាន​ផ្ទុយ​ទំាង​ស្រុង​ទៅ​នឹង​ឆន្ទៈ​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ដែល​ចង់​ឲ្យ​កូរ៉េខាងជើង​បង្ហាញ​ភាព​ស្មោះត្រង់​ជាមុន​ សិន មុន​នឹង​ផ្តើម​គ្រប់​កិច្ចចរចា។

កាល​ពី​ពេល​ថ្មី​នេះ នៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក Choe Ryong-Hae នាយកប្រតិបត្តិ​នៃ​កងទ័ព​កូរ៉េខាងជើង​ក្នុង​ប្រទេស​ចិន លោក Choe មិន​បាន​និយាយ​ពី​សំណើ​សុំចរចា​របស់​កូរ៉េខាងជើង​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​ ទេ។ តែ​បាន​និយាយ​ពី​គម្រោង​ចង់​បង្កើត​ឲ្យ​មាន​បរិយាយកាស​អន្តរជាតិ​សន្តិភាព​ មួយ​ដើម្បី​អាច​ធ្វើ​ឲ្យ​ចម្រើន​សេដ្ឋកិច្ចជាតិ និង​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េ ខាងជើង។ យ៉ាង​ណា​ក៏​ដោយ បើ​យោង​តាម​ក្រុម​អ្នកសង្កេតការណ៍​មួយ​ចំនួន លោក Choe ប្រហែល​ជា​បាន​ទទួល​តួនាទី​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​​រវាង​លោក​ ប្រមុខដឹកនំា​កូរ៉េខាងជើង​គីម ជុងអ៊ុន និង​លោក​ប្រមុខរដ្ឋចិន​​ស៊ី ជីនពីង​នៅ​ថ្ងៃ​ខាង​មុខ ពោល​គឺ​នៅ​មុន​ជំនួបកំពូល​រវាង​លោក​ស៊ី ជីនពីង និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៧ និង​៨ មិថុនា​ខាង​មុខ​ក្នុង​រដ្ឋ Californie៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close