M១៥ បាន​ព្យាយាម​ជ្រើសរើស​ឃាតករ​សង្ស័យ​ម្នាក់​ដែល​សម្លាប់​ទាហាន​អង់គ្លេស​មក​ធ្វើ​ជា​បុគ្គលិក

នៅ​ក្នុង​ប្រទេស​អង់គ្លេស ២ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​ចាក់​សម្លាប់​ទាហាន​អង់គ្លេស​ម្នាក់​ក្នុង​ ទីក្រុងឡុងដ៍​ដោយ​បុរស ២នាក់​ប្រដាប់​ដោយ​កាំបិត និង​កាំបិត​ប៉័ងតោ​សស្ញាច​មក មិត្តភ័ក្តិ​ម្នាក់​របស់​ជនដៃដល់​ឈ្មោះ Abou Nusaybah បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ BBC ដោយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រសួង​ស៊ើបការសម្ងាត់​ផ្ទៃក្នុង​អង់គ្លេស (M១៥) ធ្លាប់​បាន​ព្យាយាម​ហៅ​ឃាតករ​ម្នាក់​ឈ្មោះ Michael Adebolajo ឲ្យ​ចូល​បម្រើការ​នៅ​ក្នុង​ក្រសួង។ ក្រោយ​ពី​បទសម្ភាសន៍​នោះ​ភ្លាម ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​រូប​ Abou Nusaybah តែ​ម្តង។

នេះ ​អាច​ចាត់​ទុក​ជា​ព័ត៌មាន​ដែល​ក្រសួង​ស៊ើបការសម្ងាត់​ផ្ទៃក្នុង ​អង់គ្លេស​ហៅកាត់​ថា M១៥ មិន​បាន​រង់ចំា​ទាល់​តែ​សោះ។ បើ​យោង​តាម​ជន Abou Nusaybah ដែល​ជា​មិត្តភ័ក្តិ​របស់​ឃាតករ Michael Adebolajo ឲ្យ​ដឹង​ថា រូប Michael Adebolajo ធ្លាប់​បាន​បដិសេធ​មិន​ព្រម​ចូល​បម្រើការ​នៅ​ក្នុង​ក្រសួង M១៥ ទេ។ គឺ​ទើប​តែ​នៅ​ក្រោយ​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កេនញ៉ា​របស់​ឃាតករ Michael Adebolajo ទេ ដែល​ក្រសួង​ស៊ើបការសម្ងាត់​ផ្ទៃក្នុង​អង់គ្លេស​បាន​សម្រេចចិត្ត​ឈប់​បង្ខំ​ ចិត្ត​រូប​ឃាតករ Michael Adebolajo នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ជន Abou Nusaybah ដែល​បាន​ស្គាល់​ឃាតករ Michael Adebolajo ដំបូង​ក្នុង​ឆ្នំា ២០០២។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBC ដដែល ជន Abou Nusaybah បាន​បន្ថែម​ថា ពី​ដំបូង M១៥ បាន​សាកសួរ​បុរស Michael Adebolajo ថា តើ​មាន​ស្គាល់​មនុស្ស​មួយ​ចំនួន ដែរ ឬ​ទេ។ តែ​បន្ទាប់​ពី​ Michael Adebolajo បាន​ឆ្លើយ​ថា អត់​មាន​ស្គាល់​នរណា​មក M១៥ ក៏​បាន​សួរ Michael Adebolajo ថា តើ​ចង់​ចូល​ធ្វើ​ការងារ​នៅ​ក្នុង​ក្រសួង​ជាមួយ​ពួក​គេ ឬ​អត់ ?។

បើ​យោង​តាម​ទូរទស្សន៍ BBC រូប Abou Nusaybah ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន នៅ​ក្រោយ​បទសម្ភាសន៍​នោះ។ រីឯ​ប៉ូលិស​វិញ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ តែ​គ្រាន់​បាន​បញ្ជាក់​ថា ទីភ្នាក់ងារ​ប្រឆំាង​ភេរវនិយម​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​អាយុ ៣១ឆ្នំា​កាល​ពី​យប់​មិញ​ក្នុង​ទីក្រុង​ឡុងដ៍​ពី​បទ​ជាប់សង្ស័យ​បាន​រៀបចំ ឬ​ចង់រៀបចំ​អំពើភេរវកម្ម។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​ក៏​បាន​ចូល​ឆែកឆេរ​ក្នុង​ផ្ទះ​ចំនួន​ពីរ​នៅ​ប៉ែក​ខាង​កើត​ទីក្រុង​ ឡុងដ៍។ យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ​ថា តើ​ការ​ចាប់​ខ្លួន​បុរស​រូប​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​ ទាហាន​អង់គ្លេស​ម្នាក់​កាល​ពី ២ថ្ងៃ​មុន ឬ​អត់។

យ៉ាង​ណា​ក៏​ដោយ តំាង​តែ​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​មក ក្រសួង​សន្តិសុខ​បាន​និង​កំពុង​ទទួល​គំនាប​យ៉ាង​ខ្លំាង​ដើម្បី​ពន្យល់​ បកស្រាយ​ថា ហេតុអ្វី​បាន​ជា​ទុកបណ្តោយ​ឲ្យ​បុរស​ពីរ​ម្នាក់​ចាក់​សម្លាប់​ទាហាន​ចំ​ កណ្តាល​ទីក្រុង​យ៉ាង​ងាយស្រួល​បែប​នេះ ពិសេស ថា​ហេតុអ្វី​បាន​ជា​ក្រសួង​សន្តិសុខ​មាន​ការ​ធ្វេសប្រហែស​ទុក​ឲ្យ​យុវជន Michael Adebolajo ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​នីយ៉េរីយ៉ា និង​ដែល​បាន​ប្តូរ​ពី​អ្នកកាន់សាសនា​គ្រិស្ត មក​ជា​អ្នកកាន់សាសនា​អ៊ីស្លាម​រួច​ពី​កណ្តាប់ដៃ​របស់​ប៉ូលិស​យ៉ាង​ដូច្នេះ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា បុរស Michael Adebolajo អាយុ ២៨ឆ្នំា និង​ដៃគូ​ម្នាក់​ទៀត​ឈ្មោះ Michael Abebowale អាយុ ២២ឆ្នំា បាន​ជាប់ចោទ​ពី​បទ​បាន​ចាក់​សម្លាប់​ទាហាន​អង់គ្លេស​ម្នាក់​ក្នុង​ ទីក្រុងឡុងដ៍​កាល​ពី ២ថ្ងៃ​មុន។ ខណៈនេះ ជន​ទំាង​ពីរ​នាក់​កំពុង​ព្យាបាល​របួស​ក្នុង​មន្ទីរព្រទ្យ តែ​ជីវិត​របស់​គេ​មិន​ស្ថិត​ក្នុង​សភាព​គ្រោះថា្នក់​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close