សង្គមស៊ីវិលថា ការបោះពុម្ពសន្លឹកឆ្នោតច្រើន ធ្វើឲ្យពិបាកគ្រប់គ្រង
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជាសាធារណៈថា ខ្លួននឹងធ្វើការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជាតិថ្ងៃ អាទិត្យ ទី ២៨ កក្កដា ខាងមុខ ចំនួន ១២លានសន្លឹក ដែលលើសរហូតដល់ជាង២០ភាគរយ ខណៈអ្នកមានសិទ្ធិបោះឆ្នោត ដែល គ.ជ.ប បានបង្ហាញកាលពីពេលកន្លងទៅមានតែចំនួន ៩ ៦០.០ ០០០នាក់នោះ ។
ប្រធានគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មាននាថ្ងៃទី ២៤ ឧសភា នេះថា បើសិនជាសន្លឹកឆ្នោតលើសចំនួន អ្នកបោះឆ្នោតច្រើនពេក អាចបណ្ដាលឲ្យមានការមិនទុកចិត្ត ពីការលួចបន្លំសន្លឹកឆ្នោត ។
ចំណែកលលោក ហង្ស ពុទ្ធា នាយកអង្គការ នីកហ្វីក ក៏បានថ្លែងឲ្យដឹងដែរថា សន្លឹកឆ្នោតច្រើនលើសលុបដូច្នេះ អាចបង្កឲ្យមានការលំបាកចំពោះការគ្រប់គ្រង ដែលអាចបណ្ដាលឲ្យធ្លាក់ដល់ដៃអ្នកដ៏ទៃ យកទៅប្រព្រឹត្តមិនល្អ ។
ប៉ុន្តែយ៉ាងណាក៏ដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា នឹងពុំមានបញ្ហាកើតឡើងឡើយ ព្រោះការបែងចែកសន្លឹកមឆ្នោត សុទ្ធសឹងតែត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ពីក្រុមអ្នកសង្កេតការណ៏ ទាំងជាតិ – អន្តរជាតិ និង តំណាងគបក្សនយោបាយផងដែរ ហើយនៅពេលដែលបោះឆ្នោតចប់ សន្លឹកឆ្នោតដែលលើសនៅតាមមណ្ឌលនីមួយៗ ត្រូវទម្លុះចោល ភ្លាមៗ ក្រោយពីបញ្ចប់ការបោះឆ្នោត ក្នុងថ្ងៃនោះ ដោយមានអ្នកឃ្លាំមើលត្រឹមត្រូវ ៕